កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង កាលពីព្រឹកនេះ បានបាញ់កាំជ្រួចផ្លោងចំនួនបីគ្រាប់ ទៅកាន់សមុទ្រជប៉ុន។
កាំជ្រួចផ្លោងខាងលើគឺជាប្រភេទ Scud ត្រូវបានបាញ់ចេញពីខែត្រ Hwanghae ខាងជើង ចន្លោះពីម៉ោង ៥៖៤០ ទៅម៉ោង ៦៖៤០នាទី នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។

មេដឹកនាំកូរ៉េខាងជើង Kim Jong Un ឈរមើលការបាញ់កាំជ្រួចរបស់កងទ័ពកូរ៉េខាងជើង (រូបថត ៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA)
កាំជ្រួចខាងលើ ហោះបានរយៈចម្ងាយចាប់ពី ៥០០ ទៅ ៦០០គីឡូម៉ែត្រ គឺអាចបាញ់ដល់ទីតាំងនានានៅកូរ៉េខាងត្បូង។ ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JSC) កំពុងតែតាមដានហេតុការណ៍នេះ យ៉ាងយកចិត្តទុកដាក់។
ការបាញ់សាកល្បងកាំជ្រួចខាងលើ ត្រូវបានគេយល់ថា បានធ្វើឡើងដើម្បីប្រតិកម្មទៅនឹងការដែលកូរ៉េខាងត្បូង និងអាមេរិក សម្រេចដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចផ្លោងខ្នាតធំដំណាក់កាលចុងក្រោយ នៅចុងឆ្នាំក្រោយ ដើម្បីទប់ទល់នឹងការគំរាម ទាក់ទឹននឹងកាំជ្រួច និងនុយក្លេអែរ ពីសំណាក់ក្រុងព្យុងយ៉ាង។
គួរំលឹកថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើង ចាប់តាំងពីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអាវុធនុយក្លេអែរលើកទីបួន កាលពីខែមករា និងការសាកល្បងកាំជ្រួចជាបន្តបន្ទាប់ជាច្រើនទៀត។

ការបាញ់កាំជ្រួចផ្លោងកាលពីខែមិថុនា របស់កូរ៉េខាងជើង (រូបថត ៖ Reuters)
កាលពីដើមខែនេះ កូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោងចេញពីនាវាមុជទឹក ដែលស្ថិតនៅតំបន់ Sinpo ខែត្រ Hamgyong ខាងត្បូង។ ប៉ុន្តែ កងទ័ពកូរ៉េខាងត្បូងឱ្យដឹងថា ការបាញ់សាកល្បងនេះ បានទទួលបរាជ័យតាំងពីដំណាក់កាលដំបូង។
ប្រែសម្រួល ៖ បុត្រា