សេអ៊ូល៖ មន្រ្តីក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង បានកាត់ផ្តាច់ បណ្តាញទាន់ហេតុការណ៍ រវាងប្រទេសទំាងពីរ បន្ទាប់ពីប្រទេសនេះ គម្រាម ផ្តាច់កាលពីសប្តាហ៍មុន។

យោងតាមទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៣ ដោយស្រង់សម្តីរបស់មន្រ្តីក្រសួងរូបនោះថា «កូរ៉េខាងជើង ហាក់ដូចជាដាច់ការទំនាក់ទំនងគ្នាទាន់ហេតុ ការណ៍យោធានៅ ប៉ាន់មុនជុម នៅតំបន់គ្មានយោធា ដែលបានចែកដាច់រវាងប្រទេសកូរ៉េទាំងពីរ»។ លោកបន្តថា «កូរ៉េខាងត្បូង បានព្យាយាមទាក់ទងទៅកូរ៉េខាងជើង តាមប្រព័ន្ធទូរស័ព្ទ កាលពីវេលាម៉ោង ៩ព្រឹក ប៉ុន្តែត្រូវបរាជ័យ»។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងឈប់ទទួលស្គាល់កិច្ចព្រម ព្រៀង ឈប់ បាញ់គ្នាក្នុងសង្គ្រាមកូរ៉េចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ហើយនៅថ្ងៃចន្ទនេះ បានគម្រាម កាត់ផ្តាច់ បណ្តាញទាន់ហេតុការណ៍យោធាផងដែរ។

ជាមួយគ្នានោះដែរ កូរ៉េខាងជើង បាននិយាយទៀតថា កិច្ចព្រមព្រៀងមិនឈ្លានពានគ្នារវាងរដ្ឋាភិបាលទីក្រុង សេអ៊ូល និងរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង នឹងត្រូវចាត់ទុកជាមោឃៈ ហើយថា កូរ៉េខាងជើង នឹងចាត់វិធានការ តាមកម្រិតយោធា ដើម្បីឆ្លើយតបទៅនឹងការចាប់ផ្តើមធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ កូរ៉េខាងជើង ក៏បានបង្កើនការវាយប្រហាររបស់ខ្លួនផងដែរ ដើម្បីប្រឆំាងនឹងការធ្វើសមយុទ្ធយោធានេះ ដោយខ្លួនថាសមយុទ្ធនេះ បានរំលោភដល់សិទ្ធិរបស់កូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងបងប្អូនកូរ៉េទំាងពីរនេះបានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងនុយក្លេអ៊ែរជាលើកទីបីរបស់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ ជាមួយគ្នានោះដែរ អង្គការសហប្រជាជាតិ ក៏បានព្រមព្រៀងគ្នាបន្ថែមទណ្ឌកម្ម ប្រឆំាងនឹងប្រទេសកុម្មុយនីសមួយនេះទៀតដែរ៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល