បង់ក្លាដែស៖ ក្រុមមន្រ្ដី បានរាយការណ៍ថា ភ្លៀងមូសុងដ៏ធំមួយ បានបង្កឱ្យមានការរអិលបាក់ដី នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១០៧ នាក់បានស្លាប់បាត់បង់ជីវិត បូករួមទាំងទាហាន ៥ នាក់ផងដែរ។

អ្នកនាំពាក្យរដ្ឋបាលស្រុក Rangamati ម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦០ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍រអិលបាក់ដីជាបន្ដបន្ទាប់ នៅក្នុងស្រុកនេះតែមួយ។

ប្រតិបត្ដិការជួយសង្គ្រោះ កំពុងត្រូវបានយាយី ដោយអាកាសធាតុដ៏អាក្រក់នេះ។

បណ្ដាញទូរគមនាគមន៍ និងអគ្គិសនី ត្រូវបានកាត់ផ្តាច់ ហើយសហគមន៍មួយចំនួន មិនអាច ទាក់ទងបានឡើយ។

លោក Reaz Ahmed ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ទីភ្នាក់ងារ AFP ថា៖ «យើងមិនអាចទៅដល់កន្លែងជាច្រើន ដែលរងផលប៉ះពាល់នោះទេ ។ លោកបានថ្លែងថា៖ «នៅពេលរាំងភ្លៀង យើងនឹងទទួលបានរូបភាពទាំងស្រុងនៃការខូចខាត និងត្រូវធ្វើការជួសជុលឱ្យល្អប្រសើរដូចដើមវិញ »។

/

នៅក្នុងស្រុក Rangamati តំបន់ភ្នំមួយ នៅជិតព្រំដែនឥណ្ឌា ការរអិលបាក់ដី បានកប់ផ្ទះអ្នកស្រុកជាច្រើនខ្នង។ មេបញ្ជាការប៉ូលិសស្រុក លោក Sayed Tariqul Hasan បានប្រាប់ AFP ថា៖ «អ្នកស្រុកមួយចំនួន កំពុងដេកលង់លក់ នៅក្នុងផ្ទះរបស់ខ្លួន នៅតាមជម្រាលភ្នំ នៅពេលដែលការរអិលបាក់ដីនេះ បានកើតឡើង»។

/

អ្នកនាំពាក្យយោធាម្នាក់បានប្រាប់ AFP ថា  ទាហាន ដែលបានស្លាប់ទាំងនោះ បានព្យាយាមឈូសឆាយសម្អាតផ្លូវក្នុងស្រុក Rangamati ដែលមានហេតុការណ៍រអិលបាក់ដីមុនគេ នៅពេលដែលការរអិលបាក់មួយទៀត បានបាក់សង្កត់លើពួកគេ ។ ចរាចរណ៍នៅរដ្ឋធានីដាកា និង Chittagong ដែលជាទីក្រុងកំពង់ផែដ៏ធំមួយរបស់បង់ក្លាដែស ត្រូវបានកកស្ទះ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងនោះ។

សូមបញ្ជាក់ផងដែរថា កាលពីខែមុន មនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ និងផ្ទះរាប់ពាន់ខ្នង ត្រូវបានបំផ្លាញ បន្ទាប់ពីព្យុះស៊ីក្លូនម៉ូរ៉ា បានបោកបក់មកលើប្រទេសបង់ក្លាដែសភាគអាគ្នេយ៍។ នៅក្នុងហេតុការណ៍ព្យុះស៊ីក្លូននោះ មនុស្សជាងមួយលាននាក់ ត្រូវបានជម្លៀសចេញ។

/

ការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងជាញឹកញាប់ កើតមានឡើងនៅក្នុងតំបន់ភ្នំភាគខាងត្បូង នៃប្រទេសបង់ក្លាដែស។ នៅឆ្នាំ ២០០៧ មនុស្សប្រមាណជា ១៣០ នាក់ បានស្លាប់ដោយការរអិលបាក់ដី នៅក្នុងទីក្រុង Chittagong ៕

/

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ BBC