មនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀត បានបាត់ខ្លួន ក្រោយពីទំនប់វារីអគ្គិសនីមួយកន្លែង បានបាក់នៅភាគអាគ្នេយ៍ប្រទេសឡាវ ដោយធ្វើឱ្យទឹក ៥ ពាន់លាន់ម៉ែត្រគុបហូរបោះពួយចូលភូមិស្រុក ដែលប្រជាជនរស់នៅ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានឱ្យដឹងថា ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy នៅក្នុងខេត្ដ Attapeu បានបាក់កាលពីល្ងាចថ្ងៃចន្ទ ដោយបណ្ដាលឱ្យទឹកដ៏ច្រើនធ្លាយបោះពួយ និងបណ្ដាលឱ្យប៉ើងលំនៅឋានប្រជាពលរដ្ឋរាប់សិបខ្នង។

/

ទីភ្នាក់ងារព័ត៌មានផ្លូវការ KPL បានរាយការណ៍ថា ប្រជាពលរដ្ឋប្រមាណ ៦,៦០០ នាក់ បានបាត់បង់ផ្ទះគ្មានកន្លែងរស់នៅ។ ព័ត៌មាន BBC Laos បានរាយការណ៍ថា ក្រុមមន្រ្ដីបានគៀងគរ ទូកជាច្រើនគ្រឿង ដើម្បីជួយជម្លៀសប្រជាជន នៅក្នុងស្រុក San Sai ឱ្យទៅកាន់ទីទួលសុវត្ថិភាព ខណៈកម្រិតទឹកបានឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើល ក្រោយពីទំនប់វារីអគ្គិសនី បានបាក់រលំ។

/

គ្លីបវីដេអូ បង្ហោះដោយបណ្ដាញព័ត៌មានលើទំព័រ Facebook របស់ខ្លួន ថតចេញពីឧទ្ធម្ភាគចក្រ ដែលហោះរំលងលើតំបន់ជនលិច បានបង្ហាញឱ្យឃើញដំបូលផ្ទះលិចក្នុងទឹក ដែលអាចមើលឃើញក្នុងទឹកលាយល្បាប់ភក់។ 

អាជ្ញាធរថ្នាក់ខេត្ដ បានចេញសេចក្ដីអំពាវនាវមួយដើម្បីសុំជំនួយបន្ទាន់ដូចជា សម្លៀកបំពាក់ ស្បៀងអាហារ ទឹកបរិភោគ ថ្នាំសង្កូវ លុយកាក់ និងសម្ភារៈសំខាន់ៗមួយចំនួនទៀតពីគណបក្ស អង្គការរដ្ឋាភិបាល សហគមន៍ពាណិជ្ជកម្ម ម​ន្រ្ដីរាជការ នគរបាល កងកម្លាំងយោធា និងជនរួមជាតិទាំងអស់។ 

ទំនប់វារីអគ្គិសនីនេះ ត្រូវបានស្ថាបនាឡើង ដោយក្រុមហ៊ុនចម្រុះ ដែលដឹកនាំដោយក្រុមហ៊ុនកូរ៉េខាងត្បូង ដោយរូមសហការជាមួយដៃគូពាណិជ្ជកម្មថៃ និងឡាវ។ គម្រោងអាជីវកម្ម ដែលគ្រោងនឹងប្រតិបត្ដិការនៅឆ្នាំនេះ កំពុងសាងសង់នៅឡើយ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន KPL។

/

ក្រុមហ៊ុនសាងសង់ទំនប់នេះ និយាយថា ភ្លៀងធំ និងទឹកជំនន់ បានបណ្ដាលឱ្យបាក់រលំទំនប់វារីអគ្គិសនីនេះ ហើយក្រុមហ៊ុននេះ បានសហការជាមួយរដ្ឋាភិបាលប្រទេសឡាវ ដើម្បីជួយសង្រ្គោះអ្នកភូមិ ដែលរស់នៅជិតទំនប់វារីអគ្គិសនីនេះ។

អ្នកនាំពាក្យក្រុមហ៊ុនសំណង់ SK Engineering & Construction បានប្រាប់រ៉យទ័រថា យើងបានចាត់ចែងក្រុមសង្គ្រោះបន្ទាន់មួយ ហើយគ្រោងនឹងជួយជម្លៀស និងសង្រ្គោះអ្នកស្រុករស់នៅក្នុងភូមិក្បែរទំនប់វារីអគ្គិសនីនេះ។

ព័ត៌មាន KPL បានឱ្យដឹងថា នាយករដ្ឋមន្រ្ដីប្រទេសឡាវលោក Thongloun Susoulith បានផ្អាកកិច្ចប្រជុំប្រចាំខែរបស់រដ្ឋាភិបាលសម្រាប់ខែសីហានេះ ហើយបានដឹកនាំសមាជិកគណរដ្ឋមន្រ្ដី និងមន្រ្ដីជាន់ខ្ពស់ដទៃទៀត ធ្វើដំណើរទៅកាន់ស្រុក Sanamxay ដើម្បីត្រួតពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ និងការស្ដារឡើងវិញ ដែលធ្វើឡើងដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់បាក់ទំនប់នេះ។  

គួរជម្រាបជូនផងដែរថា តំបន់ជាច្រើននៅក្នុងប្រទេសឡាវ នាពេលថ្មីៗនេះ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមរដូវ។

ប្រទេសកម្មុយនីស្ដឡាវ ដែលជាប្រទេសក្រីក្រ និងអាថ៌កំបាំងបំផុតនៅតំបន់អាស៊ី មានបំណងប្រែក្លាយខ្លួន”ជាអាគុយសម្រាប់តំបន់អាស៊ី” តាមរយៈការលក់ថាមពលអគ្គិសនីទៅឱ្យប្រទេសជិតខាងរបស់ខ្លួន តាមរយៈការសាងសង់ទំនប់វារីអគ្គិសនីជាច្រើនបែប។

/

រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមអង្គការការពារសិទ្ធិបរិស្ថាន បានលើកឡើងនូវការព្រួយបារម្ភអំពីមហិច្ឆតាផលិតថាមពលវារីអគ្គិសនីរបស់ប្រទេស ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ព្រមទាំងការព្រួយបារម្ភអំពីផលប៉ះពាល់នៃទំនប់វាវីអគ្គិសនីមកលើដងទន្លេរមេគង្គ ពពួកសត្វ និងរុក្ខជាតិរបស់ប្រទេសនេះ និងសហគមន៍ជនបទ ព្រមទាំងសេដ្ឋកិច្ចតំបន់ ដែលប្រទេសនេះ ពឹងពាក់ពុំនាក់អាស្រ័យផងដែរ ៕ 

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ independent.co.uk