នៅក្នុងខែសីហា ឆ្នាំ ២០១៨ នេះ ព័ត៌មានមួយ ត្រូវបានគេបង្ហោះតៗគ្នា នៅលើបណ្ដាញសង្គមយ៉ាងរីករាលដាល ដែលពញ្ញាក់អារម្មណ៍អ្នកអានពីរឿងក្ដីនៃក្មេងប្រុសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ George Stinney Jr ដែលត្រូវផ្តន្ទាទោសពីបទមនុស្សឃាត និងត្រូវបានប្រហារជីវិត ដោយតុលាការរដ្ឋ South Carolina កាលពីឆ្នាំ ១៩៤៤ ប៉ុន្ដែស្រាលក្រមផ្ដន្ទាទោសរបស់ក្មេងប្រុសនោះ ត្រូវបានច្រានចោល ក្រោយរយៈពេល ៧០ ឆ្នាំនៃមរណភាពរបស់គេ។

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Chiadikaobi O. Atansi បានបង្ហោះរូបភាពរបស់ Stinney ជាច្រើនសន្លឹក ដែលមានរូបថតជាអ្នកទោស ១ សន្លឹក និងរូបថតដកស្រង់ចេញពីខ្សែភាពយន្ដរៀបរាប់ពីជិវិតរបស់គេ ៣ សន្លឹក ដោយភ្ជាប់ជាមួយនឹងសារដូចខាងក្រោម៖

យើងមិនបំភ្លេចទេ ហើយយើងក៏មិនភ្លេចដែរ!

ក្មេងប្រុសឈ្មោះ George Stinney Jr ដែលមានឈាមជ័រអាហ្រ្វីក គឺជាអ្នកទោសវ័យក្មេងជាងគេបំផុត ដែលត្រូវបានប្រហារជីវិត ក្នុងសតវត្សរ៍ទី ២០ លើទឹកដីអាមេរិក។ ក្មេងប្រុសស្បែកខ្មៅវ័យក្មេងម្នាក់នេះ ទើបតែមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ នៅពេលប្រហារជីវិតដោយកៅអីអគ្គិសនីនោះ។ ក្រោយរយៈពេល ៧០ ឆ្នាំ ភាពគ្មានទោសរបស់គេ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយចៅក្រមម្នាក់ នៅរដ្ឋ South Carolina។

/

ចាប់ពីពេលជំនុំជម្រះ រហូតដល់ថ្ងៃប្រហារជីវិត ក្មេងប្រុសនេះ តែងកាន់ព្រះគម្ពីរគ្រឹស្ដសាសនាក្នុងដៃ និងតែងអះអាងពីភាពគ្មានទោសរបស់ខ្លួន។ កុមារា George ត្រូវបានចោទប្រកាន់យ៉ាងអយុត្ដិធម៌ពីបទមនុស្សឃាតលើក្មេងស្រីស្បែកសពីរនាក់(នាង Betty អាយុ​១១ ឆ្នាំ និងនាង Mary អាយុ ៧ឆ្នាំ) ដែលសាកសពរបស់ពួកនាងទាំងពីរ ត្រូវបានរកឃើញនៅមិនឆ្ងាយពីផ្ទះ ដែលក្មេងប្រុស និងឪពុកម្ដាយរបស់គេស្នាក់នៅនោះទេ។  នាពេលនោះ សមាជិកនៃចៅក្រមជំនុំជម្រះសុទ្ធតែជាជនជាតិស្បែកស។ ការជំនុំជម្រះរឿងក្ដីនោះ បានប្រព្រឹត្ដទៅរយៈពេល ២ម៉ោងកន្លះ ហើយចៅក្រមបានសម្រេចផ្ដន្ទាទោសក្មេងប្រុសនេះរយៈពេល ១០ នាទីក្រោយការជំនុំជម្រះ។

/

ឪពុកម្ដាយរបស់ក្មេងប្រុសកំសត់ ដែលរងការគំរាមកំហែង ត្រូវបានហាមឃាត់មិនឱ្យចូលរួមសវនាការជំនុំជម្រះទេ ក្រោយពីត្រូវបានគេបញ្ជាឱ្យចាកចេញពីទីក្រុង។ មុនការជំនុំជម្រះក្ដីលើរូបគេ George ត្រូវបានឃុំខ្លួនរយៈពេល ៨១ ថ្ងៃ ដោយមិនអនុញ្ញាតឱ្យគេជួបមុខឪពុកម្ដាយជាលើកចុងក្រោយឡើយ។ រូបគេ ត្រូវបានដាក់គុកតែម្នាក់ឯង នៅក្នុងគុក ដែលមានចម្ងាយ ៨០ គីឡូម៉ែត្រពីស្រុកកំណើតរបស់គេ។ ការជំនុំជម្រះអង្គហេតុរបស់គេ ត្រូវបានធ្វើឡើងដោយតុលាការ ដោយពុំមានវត្ដមានឪម្ដាយរបស់គេ និងមេធាវីឡើយ។

/

George ត្រូវបានប្រហារជីវិតដោយកម្លាំងខ្សែភ្លើងឆក់ ៥,៣៨០ វ៉ុលពីលើក្បាល។ ប្រសិនបើឱ្យអ្នកស្រមៃមើល អ្នកប្រាកដជាឈឺចាប់ជំនួស នៅពេលដែលគេប្រើកម្លាំងអគ្គិសនីឆក់សម្លាប់លើក្បាលក្មេងប្រុសតូចយ៉ាងព្រៃផ្សៃបែបនេះ។ យើងមិនដែលបំភ្លេច និងមិនភ្លេចជារៀងរហូត ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ snopes