ប៉ូលីសនៅរដ្ឋ New Jersey សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីឃ្លីបវីដេអូមួយ បានបែកធ្លាយបង្ហាញពីមន្រ្តីនគរបាល បានដាល់ទៅលើក្បាលស្ត្រីម្នាក់ អំឡុងពេលធ្វើការចាប់ខ្លួន។

ឃ្លីបវីដេអូ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសៅរ៍ បានបង្ហាញថា មន្រ្តីនគរបាលបីនាក់ មកពីនាយកដ្ឋាននគរបាល Wildwood ប៉ុនប៉ងចាប់ខ្លួននារីវ័យក្មេងម្នាក់ឈ្មោះ Emily Weinman អាយុ ២០ ឆ្នាំ។

ក្រោយមក នាង Weinman ត្រូវបានគេចោទប្រកាន់ពីបទកាន់កាប់គ្រឿងស្រវឹងខុសច្បាប់ នៅលើឆ្នេរខ្សាច់ ថែមទាំងបានប្រឆាំងតបតនឹងការចាប់ខ្លួនរបស់នគរបាលទៀតផង។ ក្រុមមន្រ្តី បាននិយាយថា មន្រ្តីពីរនាក់ ត្រូវបានថ្នាក់លើចាត់ឱ្យបំពេញកាតព្វកិច្ចរដ្ឋបាល នៅតាមឆ្នេរខ្សាច់។

ឧបទ្ទវហេតុ ដែលបានកើតឡើង នៅលើឆ្នេរខ្សាច់ នៅថ្ងៃរំលឹកខួបអនុស្សាវរីយ៍ នៅសហរដ្ឋអាមេរិក បានបង្ហាញថា នាង Weinman ត្រូវបានប៉ូលីសវាយផ្ដួលទៅនឹងដី នៅក្នុងឈុតហែលទឹក និងខោខ្លី។

ខណៈប៉ូលិសម្នាក់ ទ្រោបពីលើនាង នាងក៏បានយកជើងធាក់ប៉ូលីសម្នាក់ទៀត ដែលក្រោយមក ប៉ូលីសបានចាប់គ្រៀកជើងរបស់នាង ដោយក្របួចកជើងទាំងពីររបស់នាងជាប់។

បន្ទាប់មក មន្ដ្រីម្នាក់ត្រូវបានគេឃើញ វាយក្បាលនាង ដោយប្រើកណ្តាប់ដៃរបស់គាត់ មុនពេលចាប់គ្រៀកស្លាបសេក និងជើងដៃរបស់នាង ។

នៅក្នុងឃ្លីបវីដេអូ គេលឺសាក្សី ស្រែកប្រាប់នាង Weinman ដែលមកពីទីក្រុង Philadelphia ឱ្យបញ្ឈប់ការប្រឆាំងនឹងមន្ត្រីប៉ូលិស។

ឃ្លីបវីដេអូនេះ ត្រូវបានថតដោយយុវតី Alexis Hewitt អាយុ ១៩ ឆ្នាំមកទីក្រុង Williamstown រដ្ឋ New Jersey ។ នាង និយាយថា នាងកំពុងនៅជាមួយមិត្ដភក្ដិ នៅពេលដែលនាងភ្ញាក់ផ្អើលដោយសភាពញាប់ញ័រ។

/

នាង Hewitt បានប្រាប់ ABC News ថា៖ នាងបានដួល ពេលដែលខ្ញុំឃើញព្រឹត្ដិការណ៍នោះល្មម ព្រោះមនុស្សគ្រប់គ្នាបានស្រែកឆោឡោឡើង ធ្វើឱ្យខ្ញុំភ្ញាក់ស្រឡាំងកាំង ហើយខ្ញុំបានយកកាមេរ៉ារបស់ខ្ញុំចេញមកដើម្បីថត នៅពេលនាងដួលទៅនឹងដី។

ប៉ូលីសបាននិយាយថា នាង Weinman ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប្រព្រឹត្តិខុសច្បាប់ បន្ទាប់ពីនាងត្រូវបានគេរកឃើញថា កាន់កាប់គ្រឿងស្រវឹង នៅលើឆ្នេរខ្សាច់។ នាងក៏ត្រូវបានចោទប្រកាន់ពីបទប្រឆាំងនឹងការចាប់ខ្លួន និងធ្វើបាបលើមន្ត្រីប៉ូលីសផងដែរ ដោយអំណាចសារធាតុស្រវឹង នៅក្នុងខ្លួន ។

នាយកដ្ឋានប៉ូលីស Wildwood បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតផ្ទៃក្នុងមួយអំពីសកម្មភាពរបស់មន្រ្តីប៉ូលីសរបស់ខ្លួន បន្ទាប់ពីខ្លួនបានដឹងអំពីរបាយការណ៍ ៕

/

ប្រែសម្រួល៖៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី