ព័ត៌មានអន្តរជាតិ ៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យវិសាខបូជាដ៏មហានក្ខត្តឫក្ស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបំផុសគំនិតពីមាគ៌ាដ៏ត្រចះត្រចង់របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ និងប្រកាន់យកឱវាទនៃ”ការអាណិតអាសូរ(ករុណា) ដល់សព្វសត្វ”របស់ព្រះអង្គ។

លោកអគ្គលេខាធិការ បានឱ្យដឹង នៅក្នុងសាររបស់លោក នាឱកាសនោះថា៖  បដិសន្ធិជាព្រះរាជបុត្រ នៅក្នុងត្រកូលក្សត្រ ព្រះសក្យមុនី បានយាងចូលទៅក្នុងពិភពលោក ដើម្បីប្រឈម និងយកឈ្នះនូវទុក្ខសោករបស់មនុស្សជាតិ។ លោក បានមានប្រសាសន៍ថា៖ “ ឱវាទនៃ”ការអាណិតអាសូរនេះ” នឹងមិនសាបរលាបពីពិភពលោកឡើយៗ”។

/

ពិធីបុណ្យវិសាខបូជា  ដែលជាថ្ងៃពេញបារមី ១៥ កើត ក្នុងខែឧសភានេះ គឺជាថ្ងៃគួរឱ្យគោរពបូជាបំផុត សម្រាប់ពុទ្ធសាសនិករាប់លាននាក់ នៅជុំវិញពិភពលោក។

វាជាទិវាមួយនៃខែវិសាខ ដែលមានរយៈពេល ២៥០០ ឆ្នាំកន្លងទៅហើយ គឺក្នុងឆ្នាំ ៦២៣ មុនគ្រឹះសករាជ ដែលព្រះពុទ្ធអង្គ បានចាប់បដិសន្ធិលើភពផែនដី ។  ហើយវាក៏ស្ថិតនៅក្នុងថ្ងៃតែមួយនៃខែវិសាខ ដែលព្រះសាស្ដា បានត្រាស់ដឹង និងក្នុងថ្ងៃ ដែលព្រះអង្គយាងចូលព្រះនិព្វាន ក្នុងព្រះជន ៨០ ព្រះវស្សា។

លើសពីនេះទៀត នៅក្នុងសាររបស់លោក លោក Guterres បានបញ្ជាក់ថា នៅក្នុងពិភពលោកដែលមានការទាក់ទងគ្នាទៅវិញទៅមក នាពេលបច្ចុប្បន្ននេះ វាមិនមានសន្ដិភាពឡើយ ដរាបណាមនុស្សផ្សេងទៀត ទទួលរងនូវគ្រោះថ្នាក់ មិនមានសុវត្ថិភាពទេ ដរាបណាមនុស្សផ្សេងទៀតទទួលរងនូវការដកហូតសិទ្ធិសេរីភាព  និងគ្មានអនាគតប្រកបដោយនិរន្តរភាពទេ ទាល់តែសមាជិកទាំងអស់នៃមនុស្សជាតិ ទទួលបាននូវសិទ្ធិរបស់ខ្លួន។

/

/

ប្រមុខរបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ ដោយសម្ដែងនូវការជូនពររបស់ខ្លួន ដល់មនុស្សទាំងអស់ ដែលប្រារព្វពិធី នាឱកាសនោះថា៖ «នៅទិវានៃពិធីបុណ្យវិសាខបូជានេះ យើងសូម សម្ដែងការអបអរក្រៃពេក ចំពោះបញ្ញាញាណ របស់ព្រះសម្មាសម្ពុទ្ធ ដោយចាត់វិធានការចំពោះមនុស្សផ្សេងទៀត ដោយស្មារតីសាមគ្គីភាពដ៏រឹងមាំ។

/

នៅឆ្នាំ ១៩៩៩ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលក្នុងនោះ ខ្លួនបានទទួលស្គាល់ទិវានេះជាអន្តរជាតិ ដើម្បីសម្ដែងការដឹងគុណ ចំពោះការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ជាសាសនាដ៏មានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក ដែលបានសាបព្រោះអំពើល្អ នៅលើពិភពលោកអស់រយៈពេល ជាង ២៥០០ ឆ្នាំមកនេះ និងបន្តអប់រំមនុស្សជាតិឱ្យមានយោនិសោមនសិការ(វិចារណញាណត្រឹមត្រូវ)៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ www.un.org