ក្រុមអ្នកវិទ្យាសាស្ដ្រ NASA បានឱ្យដឹងថា ព្រះចន្ទកំពុងតែហោះចេញឆ្ងាយពីផែនដីបន្ដិចម្ដងៗ ហើយរួមតូច ប៉ុន្តែ នៅតែទទួលឥទ្ធិពលពីទំនាញផែនដី។
ទ្រឹស្ដីអំពីការចាកចេញឆ្ងាយបន្ដិចម្ដងៗពីផែនដី និងការរួញតូចរបស់ព្រះចន្ទដោយសារកម្លាំងទំនាញ ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រចាប់អារម្មណ៍ចាប់តាំងពីប៉ុន្មានឆ្នាំមុន។ យោងតាមការ សិក្សាស្រាវជ្រាវដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី ១៦កញ្ញា បើទោះគម្លាតកាន់តែឆ្ងាយរវាងផែនដីនិងព្រះចន្ទ ប៉ុន្តែ ផែនដីនៅតែមានឥទ្ធិពលខ្លាំងទៅលើព្រះចន្ទ។

លទ្ធផលពីការស្រាវជ្រាវគន្លងគោចររបស់ព្រះចន្ទនៃយានអវកាស LRO ឱ្យដឹងថា កម្លាំងទំនាញរបស់ផែនដី បានបង្កឥទ្ធិពលខ្លាំងទៅលើស្នាមប្រេះរាប់រយកំណាតនៅលើផ្ទៃដីរបស់ព្រះចន្ទក្នុងអំឡុងពេលព្រះចន្ទរួញតូច។ ដោយប្រើប្រាស់កាមេរ៉ាពិសេស យានអវកាស LRO បានរកឃើញផ្ទាំងថ្មចោត ដែលកើតឡើងនៅលើឋានព្រះចន្ទ ចំនួន ១៤កន្លែង ចាប់តាំងពីខែសីហា ឆ្នាំ ២០១០។ មុននេះ កាមេរ៉ា Paranomic Apollo ក៏ធ្លាប់រកឃើញផ្ទាំងថ្មជម្រាលបែបនេះចំនួន ៧០កន្លែងផងដែរ។
របាយការណ៍ពី NASA ឱ្យដឹងថា បណ្ដាផ្ទាំងថ្មចោតនេះ មានប្រវែងក្រោម ១០គីឡូម៉េត្រ និងកំពស់ត្រឹមតែប្រហែល ១០សង់ទីម៉ែត្រ។ អ្នកវិទ្យាសាស្ដ្រអះអាងថា មូលហេតុដែលនាំឱ្យផ្ទាំងថ្មចោតទាំងនេះកើតឡើង គឺដោយសារសភាពត្រជាក់បន្តិចម្ដងៗនៃស្នូលព្រះចន្ទ។ ស្នូលត្រជាក់បន្តិចម្ដងៗ បានកើតឡើងទន្ទឹមគ្នានានឹងសភាពឡើងរឹងនៃស្រទាប់ខាងក្រៅរបស់ស្នូល ធ្វើឱ្យទំហំរបស់ព្រះចន្ទត្រូវតូចបង្កើតបានជាស្នាមប្រេះ។
ក្រោយរយៈពេល ៦ឆ្នាំនៃការស្រាវជ្រាវទៅលើស្នាមប្រេះលើព្រះចន្ទ កាមេរ៉ាតាមដានព្រះចន្ទ LRO ថតបានរូបភាពជាង ៣០០០សន្លឹក នៅលើផ្ទៃដីប្រមាណ ៣/៤ នៃព្រះចន្ទ។ ស្នាមប្រេះទាំងនេះ មាននៅគ្រប់កន្លែង លើឋានព្រះចន្ទ។
ទិន្នន័យខាងលើនេះ បានបញ្ជាក់ថា មូលហេតុនៃការកកើតផ្ទាំងថ្មចោត គឺដោយសារកម្លាំងទំនាញពីផែនដី ក្នុងអំឡុងពេលព្រះចន្ទកំពុងរួញតូច។ នេះគឺជាកម្លាំងមួយដែលដូចទៅនឹងកម្លាំងរបស់ព្រះចន្ទ ដែលមានឥទ្ធិពលទៅលើទឹកសមុទ្ររបស់ផែនដី បង្កើតបានជាទឹកជោរនាច។

កម្លាំងទំនាញផែនដី មានឥទ្ធិពលទៅលើព្រះចន្ទ (ព្រួញខ្មៅ) និងស្មាមប្រេះ (ព្រួញក្រហម)
អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ដោយសារព្រះចន្ទនៅតែបន្តរួញតូចព្រោះស្នូលបន្តត្រជាក់ ដូច្នេះ ផ្ទាំងថ្មចោតក៏នៅតែកើតមានឡើងជាបន្តបន្ទាប់។ នៅពេលផែនដី និងព្រះចន្ទ នៅឆ្ងាយពីគ្នាបំផុត បណ្ដាផ្ទាំងថ្មចោតនឹងទទួលឥទ្ធិពលខ្លាំងបំផុតពីទំនាញផែនដី ហើយនេះក៏ជាពេលដែលស្រទាប់ព្រះចន្ទមានការប្រែប្រួលក្នុងកម្រិតខ្ពស់បំផុតផងដែរ។ NASA សង្ឃឹមថា ពេលខាងមុខ មនុស្សនឹងអាចតាមដានសកម្មភាពរញ្ជូយដីនៅលើឋានព្រះចន្ទ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ NASA