សភាធម្មនុញ្ញជាតិ គាំទ្ររដ្ឋាភិបាលនៃប្រទេសវេណេហ្ស៊ូអេឡា បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីដកអភ័យឯកសិទ្ធិពីសមាជិកនៃស្ថាប័ននីតិបញ្ញត្ដិ ដែលគ្រប់គ្រងដោយគណបក្សប្រឆាំងចំនួនពីររូប ដែលរងការចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើប៉ុនប៉ងមនុស្សឃាតលើប្រធានាធិបតីលោក Nicolás Maduro ។

ចលនាដកអភ័យឯកសិទ្ធិនេះ កើតឡើង ក្រោយពីតុលាការកំពូលប្រទេសវេណេហ្ស៊ូអេឡា បានចេញដីកាចាប់ខ្លួនសមាជិកសភាពីររូបគឺលោក Julio Borges និងលោក Juan Reuesens កាលពីថ្ងៃពុធសប្ដាហ៍មុន។  តុលាការកំពូល បានចោទប្រកាន់លោក Borges ដែលគេចខ្លួនទៅរស់នៅក្នុងប្រទេសកូឡំប៊ីពីបទញុះញង់ជាសាធារណៈឱ្យប្រព្រឹត្ដបទឧក្រឹដ្ឋ អំពើក្បត់ជាតិ និងបទប៉ុនប៉ងមនុស្សឃាតលើរូបលោក Maduro។ ការដកអភ័យឯកសិទ្ធិរបស់សមាជិកសភាពីររូបនេះ មានការផ្ទុយនឹងការអះអាងរបស់សមាជិកសភាប្រឆាំងនឹងលោក Maduro ដែលថា ការដកហូតនេះ មានលក្ខណៈអធម្មនុញ្ញភាព។ 

/

លោក Reuesens ត្រូវបានចាប់ខ្លួន ហើយត្រូវបានអាជ្ញាធររដ្ឋាភិបាលបញ្ជូនទៅឃុំខ្លួន ខណៈដែលលោកកំពុងមានវត្ដមាន នៅវិមានសភាធម្មនុញ្ញជាតិ។

គណបក្សនយោបាយ Justice First ដែលជាគណបក្សរបស់លោក Reuesens បានបង្ហោះឃ្លីបវីដេអូមួយ ដែលបង្ហាញពីការចាប់ខ្លួនរូបលោក។

លោក Maduro បានថ្លែងថា សេចក្ដីថ្លែងការជាច្រើន ធ្វើឡើងដោយបុគ្គលចំនួន ៧ រូប  ដែលត្រូវបានចាប់ខ្លួនពីបទសមគំនិតប្រព្រឹត្ដបទល្មើសមនុស្សឃាត ដែលត្រូវបានសង្ស័យនេះ សបញ្ជាក់ឱ្យឃើញថា សមាជិកសភាពីររូបនោះ ប្រាកដជាជាប់ពាក់ព័ន្ធនឹងរឿងនេះមែន។

នៅក្នុងសេចក្ដីថ្លែងការណ៍សាធារណៈទាំងឡាយ ធ្វើឡើងនៅក្នុងប្រទេសកូឡំប៊ី  លោក Borges បានច្រានចោលការចោទប្រកាន់ និងបានអំពាវនាវឱ្យឃុំខ្លួនលោក Maduro ពីបទរំលោភសិទ្ធិមនុស្ស និងអ្វីដែលលោក Borges បានឱ្យនិយមន័យថា ជា“ការបំផ្លិចបំផ្លាញ”របបប្រជាធិបតេយ្យនៃប្រទេសវេណេហ្ស៊ូអេឡា ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ jurist