អ្នកបើកបររថយន្ដរបស់ប្រធានាធិបតីរុស្ស៊ី បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមដងផ្លូវក្នុងក្រុង Moscow ។

/

កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅពេលព្រឹកនៃថ្ងៃទី ៦កញ្ញា នៅពេលរថយន្ដ Mercedes មួយគ្រឿងបានរេចង្កូតភ្លាមៗ នៅលើមហាវិថី Kutuzovsky ក្រុង Moscow និងបានជ្រុលទៅបុករថយន្ដ BMW ដែលកាន់ចង្កូតដោយអ្នកបើកបររថយន្ដរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នេះបើតាម ទំព័រ BreitBart ។

អ្នកបើកបររថយន្ដរបស់លោក Vladimir Putin បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់នេះ ចំណែកប្រធានាធិបតីរុស្ស៊ី មិនមានវត្តមាននៅក្នុងរថយន្ដនេះនោះទេ។

សារព័ត៌មានរុស្ស៊ី មិនបានបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណរបស់អ្នកបើកបរ ប៉ុន្តែ បានឱ្យដឹងថា អ្នកបើកបរនេះ មានបទពិសោធក្នុងការបើកបររថយន្ដជាង ៤០ឆ្នាំ ហើយជាអ្នកបើកបរដែលត្រូវបានគេទុកចិត្តបំផុតរបស់លោក Putin ។

អ្នកបើកបររថយន្ដ Mercedes ដែលបំពានច្បាប់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។

ថ្មីៗនេះ មន្ត្រីរុស្សីបានសម្ដែងការព្រួយបារម្ភអំពីការការពារសុវត្ថិភាពរបស់បណ្ដារថយន្ដដឹកប្រធានាធិបតី។ ដើម្បីការពារសុវត្ថិភាពរបស់លោក Putin ប្រទេសរុស្ស៊ី បានបញ្ជាទិញបណ្ដារថយន្ដផលិតក្នុងស្រុកដែលមានពាសដែកប្រភេទធ្ងន់ និងមានកញ្ចក់ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើង។ ទ្វាររបស់រថយន្ដថ្មីទាំងនោះ នឹងមានកម្រាស់ក្រាស់ជាង ១០ដងបើធៀបនឹងរថយន្ដធម្មតា ហើយខាងក្នុងរថយន្ដ ក៏មានបំពាក់ប្រព័ន្ធអ៊ុកស៊ីហ្សែនផងដែរ។

ក្រុមរថយន្តថ្មីរបស់លោក Putin នឹងរួមមាន រថយន្ដ SUV មួយគ្រឿង, រថយន្ដស្រឡាយ limo មួយគ្រឿង, រថយន្ដស្រឡាយ sedan មួយគ្រឿង, និង រថយន្ដ mini-van មួយគ្រឿង។ ទាំងអស់នេះ ត្រូវបានរចនាឡើងជាមួយនឹងមុខងារការពារសុវត្ថិភាពលំដាប់កំពូល៕

ប្រែសម្រួល ៖ តារាប្រភព ៖ Thesun/BreitBart