ក្រុមហ៊ុន Facebook Inc បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងចរចា ដើម្បីបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹងធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ដោយនិយាយថា ខ្លួនអាចជួយឱ្យគ្រឹស្ថានធនាគារ ផ្ដល់សេវាជូនអតិថិជនរបស់ពួកគេកាន់ប្រសើរ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំមួយនេះ បាននិយាយថា អតិថិជន ដែលប្រើប្រាស់សេវារបស់ក្រុមហ៊ុនហិរញ្ញវត្ថុដូចជា PayPal, Citibank និង American Express អាចភ្ជាប់គណនីហិរញ្ញវត្ថុរបស់ខ្លួនជាមួយ Messenger ហ្វេសប៊ុក និងអាចសន្ទនាជាមួយនឹងបុគ្គលិកផ្ដល់សេវាអតិថិជន។

/

កាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនហ្វេសប៊ុក បានស្នើសុំឱ្យធនាគារចែករំលែកព័ត៌មានហិរញ្ញវត្ថុលម្អិតអំពីអតិថិជនរបស់ពួកគេដូចជា ការទូរទាត់ចំណាយតាមប័ណ្ណឥណទាន និងសមតុល្យគណនីចរន្ដ។

អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកម្នាក់ បាននិយាយថា ខាងក្រុមហ៊ុនហ្វេសប៊ុក អាចមើលឃើញព័ត៌មានហិរញ្ញវត្ថុខ្លះៗរបស់អតិថិជនប្រើប្រាស់ ប្រសិនបើខ្លួនចម្រេចចូលមើល ប៉ុន្ដែក្រុមហ៊ុនមិនប្រើព័ត៌មានទាំងនោះដើម្បីជាមធ្យោបាយផ្សាយពាណិជ្ជកម្ម ឬគោលបំណងអ្វីមួយឡើយ។

ក្រុមហ៊ុនហ្វេសប៊ុក បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ “យើងមិនប្រើព័ត៌មានទាំងនេះក្នុងន័យផ្សេង ក្រៅអំពីផ្ដល់បទពិសោធងាយស្រួល ខាងផ្ដល់សេវាជូនអតិថិជនឡើយ”។ ផ្នែកដ៏សំខាន់មួយនៃការសហការគ្នារវាងស្ថាប័នធនាគារ និងក្រុមហ៊ុនយើង គឺដើម្បីរក្សាព័ត៌មានរបស់ប្រជាជន ក៏ដូចជាអតិថិជនឱ្យមានសុវត្ថិភាព និងរក្សាការសម្ងាត់”។

របាយកាណ៍កាសែត The Journal បានឱ្យដឹងថា កាលពីមួយឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនហ្វេសប៊ុក បានស្នើសុំក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុន JPMorgan Chase ក្រុមហ៊ុន Wells Fargo & Co  ក្រុមហ៊ុន Citigroup Inc និងក្រុមហ៊ុន U.S. Bancorp ដើម្បីពិភាក្សាអំពីសំណើសក្ដានុពលនានា ដើម្បីឱ្យខ្លួនអាចដាក់បញ្ចូលអតិថិជនរបស់ធនាគារចូលទៅក្នុង Messenger របស់ហ្វេសប៊ុក។

ក្រុមហ៊ុនហ្វេសប៊ុក និយាយថា ការជជែកតាម Messenger ជាមួយធនាគារ អាចរហ័សទាន់ចិត្ដ និងប្រសើរជាង ការរង់ចាំតាមបណ្ដាញទូរសព្ទ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ gadgetsnow