ស្ដ្រីអាយុ២៦ឆ្នាំម្នាក់នៅ Florida អាមេរិក បានបង្កការខូចខាតគិតជាទឹកប្រាក់ ប្រហែល ៣០.០០០ដុល្លារអាមេរិក នៅពេលនាងបើករថយន្ត បុកចូលក្រុមហ៊ុន T-Mobile។

/

កាលពីថ្ងៃទី ១០មករា នាង Shinobia Montoria Wright បានមកកាន់ក្រុមហ៊ុន T-Mobile ដើម្បីសុំប្ដូរ iPhone ថ្មី ព្រោះ iPhone បច្ចុប្បន្នរបស់នាង បែកអេក្រង់។ នាង និយាយប្រាប់អ្នកគ្រប់គ្រងថា ថ្ងៃនោះគឺជាថ្ងៃខួបកំណើតរបស់នាង ហើយនាងនឹងខឹង បើសិនមិនមានទូរស័ព្ទថ្មី។

នៅថ្ងៃបន្ទាប់ នាង Wright បានបើករថយន្ត Nissan Armada SUV បុកកំទេចទ្វាររបស់ក្រុមហ៊ុន T-Mobile បណ្ដាលឱ្យបុគ្គិលម្នាក់រងរបួស។ បន្ទាប់ពីចេញពីរថយន្ត នាងថែមទាំងបានយកដងអំបោស វាយបំបែកកញ្ចក់ដាក់តាំងទូរស័ព្ទ។ សកម្មភាពនេះ បណ្ដាលឱ្យមានការខូចខាតគិតជាប្រាក់ប្រហែលជាង ៣០.០០០ដុល្លារអាមេរិក។

/

ក្រោយពីត្រូវបានឃាត់ខ្លួន នាង Wright និយាយប្រាប់នគរបាលថា នាងមិនអាចគ្រប់គ្រងខ្លួនឯងបាន នៅពេលដឹងថា ត្រូវចំណាយប្រាក់សម្រាប់ iPhone ថ្មី បើទោះនាងបានទិញធានារ៉ាប់រង។ បច្ចុប្បន្ន នាងមិនទាន់ត្រូវបាននាំខ្លួនឡើងតុលាការ ព្រោះត្រូវព្យាបាលរបួសពេលបើកឡានបុកទ្វារ។

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror