ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានរត់ចូលទៅក្នុងពិធីរៀបការនៅភាគឦសានប្រទេសស៊ីរី ខណៈពេលកូនកម្លោះ និងកូនក្រមុំកំពុងស្បថស្បែ ហើយក៏ចុចបំផ្ទុះ សម្លាប់មនុស្ស ៣៤នាក់។

រូបភាពពីទំព័រ independent
ហេតុការណ៍នេះបានកើតឡើងកាលយប់ថ្ងៃទី៣តុលា នៅក្នុងភូមិ Tall Tawil ខែត្រ Hasakeh នេះបើតាមទំព័រ AFP។
សាក្សីនៅកន្លែងកើតហេតុឈ្មោះ Ahmad រៀបរាប់ថា “នៅពេលកូនកម្លោះ និងកូនក្រមុំស្បថជាមួយគ្នា ខ្ញុំបានឃើញបុរសម្នាក់ ពាក់អាវធំ ដើរកាត់មុខ។ ខ្ញុំគិតថា បុរសនេះចម្លែកណាស់ ហើយភ្លាមនោះ ក៏ឮសម្លេងផ្ទុះ។ មនុស្សទាំងអស់ ត្រូវដួលទៅលើដី”។
ជាងថតរូបក្នុងពិធីរៀបការ ឈ្មោះ Walid Mohammad ប្រាប់ថា មានមនុស្សស្លាប់យ៉ាងច្រើន ទាំងក្មេងទាំងចាស់។ អាជ្ញាធរជនជាតិ Kurd បានទទួលស្គាល់ថា មានមនុស្សស្លាប់ ៣៤នាក់ និង៩០នាក់ផ្សេងទៀត រងរបួស។

រូបភាពពីទំព័រ independent
ប្រភពព័ត៌មានឱ្យដឹងថា កូនកម្លោះនិងកូនក្រមុំ មានសុវត្ថិភាព ប៉ុន្តែ ឪពុក និងបងប្អូនប្រុសរបស់កូនកម្លាំង បានបាត់បង់ជីវិត។
កូនកម្លោះគឺជាមនុស្សរបស់បក្សជនជាតិ Kurd។ យោងតាមអង្គការសិទ្ធិមនុស្សស៊ីរី បុរសនេះក៏ជាសមាជិករបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងសហព័ន្ធជនជាតិ Kurd – Arab ដែលកំពុងទប់ទល់នឹងអង្គការរដ្ឋអ៊ីស្លាម ISIS នៅភាគខាងជើងប្រទេសស៊ីរី។

រូបភាពពីទំព័រ independent
ក្រុម ISIS បានចេញមុខទទួលខុសត្រូវក្នុងការវាយប្រហារ ដោយប្រកាសថា សមាជិកម្នាក់របស់ខ្លួនបានបើកការវាយប្រហារបាញ់រះនៅក្បែរក្រុង Hasakeh មុនពេលមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែ ក្រុមនេះមិនបាននិយាយដល់ពិធីរៀបការ៕
ប្រែសម្រួល ៖ បុត្រាប្រភព ៖ AFP