អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីជាតិសាសន៍លោកស្រី E Tendayi Achiume កាលពីថ្ងៃសុក្រ បានសម្ដែងការកោតសរសើររដ្ឋាភិបាលចក្រភពអង់គ្លេស ចំពោះគោលនយោបាយរបស់ខ្លួន ដែលមានបំណងទប់ស្កាត់ការរើសអើងជាតិសាសន៍ ប៉ុន្តែទន្ទឹមនឹងនេះ លោកស្រីបានជំរុញឱ្យមានវិធានការបន្ថែមទៀត ដើម្បីបញ្ចប់ការរើសអើង។

នៅក្នុងរបាយការណ៍លម្អិតមួយ លោកស្រី Tendayi Achiume បានទទួលស្គាល់ពីការរើសអើងតាមលំដាប់ថ្នាក់ ដែលជនជាតិដើមភាគតិចបានជួបប្រទះ ដែលរាប់ចាប់ពីការទទួលបានការអប់រំ រហូតដល់ ភាពវិសមាមាត្រចំពោះការទទួលបានការពារផ្នែកច្បាប់ ។ របាយការណ៍នេះ ក៏អំពាវនាវឱ្យមានគោលនយោបាយរួមមួយ នៅទូទាំងចក្រភពអង់គ្លេសផងដែរ ដែលដាក់ចេញនូវយុទ្ធសាស្រ្តដើម្បីលុបបំបាត់នូវភាពមិនស៊ីសង្វាក់គ្នា ខណៈដាក់បញ្ចូលសហគមន៍ ចូលទៅក្នុងការធ្វើសេចក្តីសម្រេចចិត្តផងដែរ។

/

លោកស្រី Tendayi Achiume បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការមួយចំនួន ដែលធ្វើឡើងដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដូចដែរលោកស្រី បានកោតសរសើរចំពោះនាយករដ្ឋមន្រ្តី Theresa May ដែលបានទទួលខុសត្រូវលើសវនកម្មចំពោះភាពមិនស៊ីសង្វាក់គ្នានៃជាតិសាសន៍ កាលពីខែសីហាឆ្នាំ ២០១៦ ។

របាយការណ៍នេះ បានបន្ថែមទៀតថា ច្បាប់ និងគោលនយោបាយរបស់អង់គ្លេស ដែលហាមប្រាមចំពោះការរើសអើងពូជសាសន៍ដោយផ្ទាល់ និងដោយប្រយោលគឺជា មូលដ្ឋានដ៏រឹងមាំ ដើម្បីដោះស្រាយការរើសអើងជាតិសាសន៍ដោយស្ថាប័ន និងដោយរចនាសម្ព័ន្ធ ។

អ្នករាយការណ៍ពិសេសរូបនេះ នឹងបង្ហាញជូននូវសេចក្តីសន្និដ្ឋានរបាយការណ៍របស់ខ្លួន នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នាពេលខាងមុខ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist