នាវាមុជទឹកព័រទុយហ្គាល់ ដែលបានចូលរួមក្នុងសមយុទ្ធយោធានៅឯលំហសមុទ្រអង់គ្លេស បានជាប់មងរបស់កប៉ាល់ចាប់ត្រីបារាំង។
នាវាមុជទឹករបស់ព័រទុយហ្គាល់ ឈ្មោះ Tridente កាលពីម្សិលមិញ បានចូលរួមធ្វើសមយុទ្ធយោធាជាមួយនឹងកងទ័ពជើងទឹកព្រះរាជាណាចក្រអង់គ្លេស នៅក្នុងលំហសមុទ្រ មានចម្ងាយពីតំបន់ Lizard Point ប្រហែល ៥៥គីឡូម៉ែត្រ។ នាវាមុជទឹក Tridente បានជាប់មងរបស់ Daytona ជាកប៉ាល់ចាប់ត្រីមួយដែលបានចុះឈ្មោះនៅឯកំពង់ផែ Saint-Brieuc ភាគពាយព្យនៃប្រទេសបារាំង។

ទំព័រ AFP បានដកស្រង់សេចក្ដីប្រកាសពីសមត្ថកិច្ចបារាំង ឱ្យដឹងថា “ភ្លាមៗនោះ នាវាមុជទឹកក៏បានងើបឡើងលើផ្ទៃទឹក ហើយបានទាក់ទងទៅកាន់កប៉ាល់ចាប់ត្រី។ គ្រោះថ្នាក់ដោយចៃដន់នេះ មិនមានធ្វើឱ្យមានអ្នករងរបួស ឬខួចខាតអ្វីនោះទេ ទាំងនាវាមុជទឹក ទាំងកប៉ាល់ចាប់ត្រី។
សូមរំលឹកថា កាលពីឆ្នាំ ២០១៤ កប៉ាល់ចាប់ត្រី Bugaled Breizh របស់បារាំង បានលិចនៅឯលំហសមុទ្រ Lizard Point បណ្ដាលឱ្យអ្នកនៅលើកប៉ាល់ ៥នាក់ បាត់បង់ជីវិត។ ក្រុមគ្រួសារជនរងគ្រោះ យល់ថា កប៉ាល់ចាប់ត្រី ត្រូវបាននាវាមុជទឹកដែលកំពុងធ្វើសមយុទ្ធពហុជាតិសាសន៍ អូសពន្លិច ដោយសារតែនាវាមុជទឹកជាប់មង។ ករណីនេះ កំពុងត្រូវបានតុលាការអង់គ្លេស ស៊ើបអង្កេតនៅឡើយ។
ប្រែសម្រួល ៖ តារា