ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាព ចូលទៅភ្ជង់ និងប្លន់យក គ្រឿងអលង្កា ដល់ក្នុងផ្ទះ យីហោ សូពៅ អ៊ិចប្រេស លក់សំភារៈ និងក្រដាស កាលពីវេលាម៉ោង ៧៖៣០នាទី ស្ថិតនៅផ្ទះលេខ៣៨C ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ខណៈជនរងគ្រោះមានស្រី និងប្រុស ៥ទៅ៦នាក់ កំពុងនៅក្នុងផ្ទះទាំងអស់គ្នា។

នេះជាសកម្មភាព ប្លន់ថ្មីមួយទៀត ដែលមានកើតឡើង នៅក្នុងទឹកដី ខណ្ឌចំការមន ដោយជនសង្ស័យ ហ៊ានធ្វើសកម្មភាព ដោយគ្មានខ្លាច សមត្ថកិច្ចនោះឡើយ បើទោះបីផ្ទះជនរងគ្រោះ មានទីតាំង នៅតាមផ្លូវធំ ដ៏ដោយនោះ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈជនរងគ្រោះ ទើបត្រឡប់មក ពីហូបការ ដោយជិះរថយន្ត លុច្សស៊ីស ៤៧០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2I-8278 ស្រាប់តែមកដល់ផ្ទះ ក៏លេចមុខជនសង្ស័យ ចំនួន២នាក់ ដែលជា ក្រុមចោរប្លន់ បានដើរចូលទៅ ក្នុងផ្ទះហើយធ្វើការភ្ជង់ រួចប្លន់យកគ្រឿងអលង្កាអស់មួយចំនួន ប៉ុន្តែមិនទាន់ដឹងថា មានចំនួនប៉ុន្មាននោះទេ ។

មន្រ្តីនគរបាលមួយរូប បានថ្លែងឲ្យដឹងថា នេះជាការ អសមត្ថភាព របស់សមត្ថកិច្ច ខណ្ឌចំការមន ដែលអាចឲ្យក្រុមចោរ ហ៊ានធ្វើសកម្មភាព ចូលទៅភ្ជង់ប្លន់ បានយ៉ាងស្រួល ដល់ក្នុងផ្ទះ ខណៈជនរងគ្រោះ មានស្រី និងប្រុស ៥ទៅ៦នាក់ កំពុងនៅជុំគ្នា។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ ហើយជនសង្ស័យ មានគ្នាចំនួន២នាក់ ប្រដាប់ដោយអាវុធខ្លី មួយដើម និងម៉ូតូមួយគ្រឿងហើយសមត្ថកិច្ច សង្ស័យថា មានគ្នាវា បិទគូទទៀតផង។

ជាមួយគ្នានេះ មានការរិះគន់ ពីការគ្រប់ គ្រងអាវុធ នៅភាពទន់ខ្សោយ នៅឡើយ ខណៈក្រុមចោរ អាចមានកាំភ្លើងនៅក្នុងដៃ ធ្វើសកម្មភាពប្លន់ យ៉ាងដូច្នេះនោះ។

ក្រោយកើតហេតុ គេសង្កេតឃើញ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យ និងសួរនាំជនរងគ្រោះ ខណៈក្រុមចោរ មិនដឹងជិះម៉ូតូដល់ណានោះ៕

/

/

/

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល