បាត់ដំបង៖ ប្រជាពលរដ្ឋ ដែលសង្ស័យពុលម្ហូបការ បណ្តាលឲ្យក្អួតចង្អោរ និងរាគរូសយ៉ាងខ្លាំងនោះ បាន កើនដល់ជាង៤០នាក់ហើយ គិតត្រឹមម៉ោង ១១ និង៣០នាទីថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣។ នេះបើយោង តាមការបញ្ជាក់ពីមន្រ្តីកងរាជអាវុធហត្ថ (អ.ហ) ខេត្តបាត់ដំបង។

នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្តបាត់ដំបង លោក ឡាច ប្រុស បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា ប្រជាពលរដ្ឋ ៤៣នាក់ហើយ បានពុលក្អួតចង្អោរ និងរាគរូសយ៉ាងខ្លាំង។ ប្រជា ពលរដ្ឋដែលពុលក្អួតចង្អោរនោះ មានស្រី១៧នាក់ និងប្រុស ២៦នាក់ ក្នុងនោះក៏មានក្មេងៗអាយុក្រោ១៣ឆ្នាំ ៥នាក់ ផងដែរ។

តែទោះបីជាយ៉ាងណា ប្រជាពលរដ្ឋទាំងអស់ ក្រោមការបញ្ជាផ្ទាល់របស់លោក ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបាត់ដំបង ត្រូវបានដឹកបញ្ជូនជាបន្តបន្ទាប់ មកសង្រ្គោះនៅមន្ទីរពេទ្យស្រុកម៉ោងឬស្សី។

បើតាមមេបញ្ជាការកងរាជអាវុធហត្ថស្រុករុក្ខគិរី លោក ទឹម ខាវ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ប្រជាពលរដ្ឋដែលជួបនូវអាការៈពុលក្អួតចង្អោរ និងរាគរូសនេះ រស់នៅក្នុងភូមិរូងពីរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។

លោក ទឹម ខាវ បានបន្តថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ មានពិធីមង្គលការមួយនៅក្នុងភូមិរូងពីរ ក្រោយពីប្រជាពល រដ្ឋហូបម្ហូបការនេះហើយ នៅល្ងាចថ្ងៃទី០៧ ស្រាប់តែមានអាការៈពុលក្អួតចង្អោរតែម្តង។ ម្ហូបការនេះ ធ្វើឡើង ដោយប្រជាពលរដ្ឋពលរដ្ឋក្នុងភូមិតែម្តង។

តែទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀត ដើម្បីរកមូលហេតុពិតប្រាកដ ហើយក៏មិនទាន់ហ៊ាន សន្និដ្ឋានថា បណ្តាលមកពីម្ហូបការទាំងស្រុងនោះទេ៕

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល