ព័ត៌មានអន្តរជាតិ ៖ ភ្ញៀវទេសចរ ដែលគេមានជំនឿជាក់អោយដឹងថា មានវត្តមានមកពីទឹកដីសហរដ្ឋ អាមេរិកនោះ ត្រូវបានសម្លាប់ដោយការវាយប្រហារ ពី    សំណាក់ សត្វតោ កំណាច នៅឯសួនឧទ្យាន ជាតិអាហ្រ្វិកខាងត្បូង នេះបើយោងតាមការគូសបញ្ជាក់ពី មន្រ្តី សួនឧទ្យាន ដល់សារព័ត៌មាន ប៊ីប៊ីស៊ី

/

របាយការណ៍ បញ្ជាក់អោយដឹងថា តោកំណាចមួយក្បាលបានលោតតោងនិងអើតក្បាលចូលទៅក្នុង រថយន្តគូស្វាមីរងគ្រោះខាងលើ តាមរយៈ បង្អួចរថយន្តបើកចំហ រួចធ្វើការវាយប្រហារដោយចាប់ផ្តើម ខាំនិងអូសទាញជនរងគ្រោះចេញពីរថយន្តផ្ទាល់តែម្តង នេះ  បើ យោង  តាមសម្តីមន្រ្តីជំនួយការសួន ឧទ្យានខាងលើ លោក Scott Simpson ។ ប្រភពដដែលបន្តអោយដឹងថា ភ្លាមៗ មានការកោះហៅវេជ្ជ បណ្ឌិតចុះទៅដល់កន្លែងកើតហេតុ​ តែទោះជាយ៉ាងណាក៏ដោយចុះ ជនរងគ្រោះ នៅតែស្លាប់បាត់បង់ ជីវិតដដែលក្រោយពីនាងទទួលរងរបួសធ្ងន់ធ្ងរពេក ស្របពេលដែល ជនរងគ្រោះ ជាបុរស នៅបន្តរង របួសធ្ងន់និងស្រាល កំពុងសម្រាកព្យាបាល  នៅឡើយ ។ គួរបញ្ជាក់  ថា សួន សត្វ Lion Park ពិតជា មានប្រជាប្រិយភាពជាខ្លាំង ខណៈសួនសត្វមួយនេះ មាន   រយៈចម្ងាយ ​ប្រមាណ ៣០ គ.ម ភាគខាង ជើង ទីក្រុង Johannesburg ។

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បទបញ្ញាត្តិសួនសត្វខាងលើ បញ្ជាក់យ៉ាងច្បាស់ដោយតម្រូវ អោយភ្ញៀវទេសចរ ចូរកុំបើករថយន្ត នៅក្នុងតំបន់   មាន  សត្វសាហាវ ដោយបើកទ្វារ ឬបង្អួចរថយន្ត ជៀសវាងការនាំមកនូវហានិភ័យណាមួយ   ជាយថា  ហេតុ  ។ មន្រ្តីសួនសត្វ ក៏ដូចជា ក្រុមអ្នកល្បាត សួនសត្វភ្លាមៗ បានចេញបទអន្តរាគមន៍ដោយដេញសត្វសាហាវ ចេញពីការវាយប្រហារ ស្របពេល ដែលពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ សត្វតោសាហាវមួយ ក្បាលខាងលើ រងនូវការបាញ់ប្រហារ ឬក៏យ៉ាងណា ។ មានការលើកឡើងអោយដឹងថា ករណី  ស្លាប់  ភ្ញៀវទេសចររូបនេះ គឺជាហេតុការណ៍ រន្ធត់ស្លាប់ជនទី ៣ ហើយ ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ នៅឯ ឧទ្យានសួនសត្វ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី