ព័ត៌មានអន្តរជាតិ ៖ គណៈកម្មការអន្តរជាតិ ៧ នាក់ដែលជាបុគ្គលិកកាកបាទក្រហមត្រូវបានក្រុមឧទ្ទាមប្រដាប់ទៅដោយកាំភ្លើង បើកការវាយប្រហារ ទៅលើក្បួនដង្ហែរបស់ពួកគេ នៅភាគខាងជើងប្រទេសស៊ីរី រួចក៏ធ្វើការចាប់ជំរិតពួកគេតែម្តង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

លោក Saleh Dabbakeh ជាអ្នកនាំពាក្យបានអះអាងអោយដឹងថា ក្រុមឧទ្ទាមប្រដាប់ទៅដោយកាំភ្លើង បានបើកការវាយប្រហារ បង្អាក់ដំណើរដង្ហែរក្បួនរបស់ពួកគេ រួចក៏ធ្វើការចាប់ពង្រត់តែម្តង នៅជិតក្រុង Saraqeb នាខេត្ត Idlib កាលពីវេលាព្រឹក ថ្ងៃអាទិត្យ ម្សិលមិញនេះគាត់បន្ថែមថា ក្នុងនោះ ៦ អ្នកជាបុគ្គលិក ICRC ខណៈម្នាក់ទៀតជាបុគ្គលិកស្ម័គ្រចិត្តមកពី Syrian Red Crescent ក៏ប៉ុន្តែ មិនទាន់មានរបាយការណ៍បញ្ជាក់អោយដឹងថាតើ ពួកគេទាំងអស់នោះជាជនជាតិអ្វីអោយពិតប្រាកដនោះទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ប្រទេសស៊ីរី បានចេញផ្សាយអោយដឹងថា ការចាប់ជំរិតលើកនេះអាចធ្វើទៅបាន ខណៈក្រុមឧទ្ទាមប្រដាប់ទៅដោយកាំភ្លើង បើកការបាញ់ប្រហារទៅលើក្បួនរថយន្តដង្ហែរទាំង ៤ គ្រឿងរួចក៏ធ្វើការចាប់ជំរិត ដោយនៅក្នុងនោះ ករណីចាប់ជំរិតលើកនេះត្រូវបានគេថ្កោលទោស ថាជាស្នាដៃរបស់ក្រុមភេវករ ។

គួរបញ្ជាក់ផងដែរថា ក្រុមបុគ្គលិកកាកបាទក្រហមទាំងនេះ បានមកបំពេញបេសកម្មនៅក្នុងតំបន់នេះ ចាប់តាំងពីថ្ងៃទី ១០ តុលា មកម្ល៉េះ ដើម្បីធ្វើការវាយតម្លៃទៅលើស្ថានភាពវេជ្ជសាស្រ្ត ។ Magne Barth ប្រធាននៃគណៈប្រតិភូ ICRC នៅក្នុងប្រទេសស៊ីរីបានឱ្យដឹងថា យើងសូមអំពាវនាវអោយមានការដោះលែងជាបន្ទាន់ និងគ្មានលក្ខខ័ណ្ឌ ចំពោះសហការីបម្រើការទាំង ៧ នាក់លើកនេះ។

គួរបញ្ជាក់ផងដែរថា តំបន់ភាគច្រើនត្រូវបានធ្លាក់ចូលក្រោមដៃ របស់ក្រុមឧទ្ទាមកាលពីឆ្នាំកន្លងទៅ តួយ៉ាងមានខេត្ត Idlib ស្របពេលដែលករណីចាប់ជំរិត តែងកើតមានឡើងជាញឹកញ៉ាប់តែម្តង ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់
ប្រែសម្រួល ៖ សំណាងប្រភព ៖ ស្កាយ