ភ្នំពេញ៖ តារាចម្រៀងស្រីស្រគត់ស្រគំ ឈិត សុវណ្ណបញ្ញា ដែលមានប្រជាប្រិយភាព នឹងថ្កល់ជាងគេ ហើយមិនសូវចេះ រវីរវល់ខ្វល់ខ្វាយ ស្វែងរកភាពល្បីល្បាញបន្ថែម ដូចតារាចម្រៀងដទៃ ខណៈតារាខ្លះខំរាំ រែកបំបែកក្បាច់ កន្ធែកជើង ហក់លោត ដូចអ្នកលេងសៀកយ៉ាងណានោះ ក៏ ឈិត សុវណ្ណបញ្ញា មិនខ្ចីខ្វល់ ពោលគឺនៅរក្សាស្ទីល របស់ខ្លួនដដែល ។ ប៉ុន្តែ ឈិត សុវណ្ណបញ្ញា នៅតែរាំគួរឲ្យស្រលាញ់ និងនៅតែឡូយឆាយ ជាមួយសម្លៀកបំពាក់ថ្លៃៗ ខ្ទង់រយដុល្លារ ក្នុងមួយកម្មវិធី។ ឈិត សុវណ្ណបញ្ញា តែងតែទិញពីក្រៅប្រទេស ពេលនាងទៅកំសាន្តនៅទីនោះ តែនាងមិនដែលអួតរឿង សម្ភារៈប្រើប្រាស់ ដូចតារាសម្ដែងមួយចំនួន ដែលមានប្រាក់ចំណូលទាប តែសម្ញែងសម្ភារៈប្រើប្រាស់ ហួសមាឌនោះទេ ។
បន្ទាប់ពីបញ្ចប់ការសម្ដែង ក្នុងការប្រគំតន្ត្រី best of the best 2013 តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា មិនទាន់បញ្ចេញ សកម្មភាពសិល្បៈលេចធ្លោអ្វីផ្សេងទេ នាងបែរជានាំគ្នាទៅដើរកំសាន្តនៅ ទីក្រុងហុងកុង ជាមួយអ្នកដឹកនាំ សម្ដែងដ៏ល្បីឈ្មោះ តែមិនសូវមាន ស្នាដៃលេចធ្លោលោក អ៊ិន ទីតូ ដែលទំនងជា ទៅដើរលេងលម្ហែ ដើម្បីរំសាយ អារម្មណ៍តានតឹង ក្រោយពីមមាញឹកខ្លាំងក្នុងការប្រគំតន្ត្រីធំក៏ថាបាន។
ប្រភពពីអ្នកជិតដិតនឹងស្រីស្អាត ឈិត សុវណ្ណបញ្ញា បានប្រាប់ LookingTODAY ថា ឈិត សុវណ្ណបញ្ញា ទៅលេងហុងកុង ក្នុងលក្ខណៈដើរលេង ថតរូបឲ្យហាងមួយដែលជាសាច់ញាតិរបស់ លោក អ៊ិន ទីតូ ហើយមិនមានគូស្នេហ៍ទេ កុំយល់ច្រលំអី ។ ឈិត សុវណ្ណបញ្ញា ពេលនេះកំពុង សម្រាកយកកម្លាំង ដើម្បីបំពេញការងារ សិល្បនាងឡើងវិញ ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល