Abu Bakr al-Baghdadi មេដឹកនាំអង្គការរដ្ឋអ៊ីស្លាម ISIS ត្រូវបានគេជឿថា បានត្រូវថ្នាំពុលនៅក្នុងអាហារក្នុងដែលគេដាក់ដើម្បីធ្វើឃាតជននេះ។

មេដឹកនាំ ISIS Abu Bakr al-Baghdadi និងមនុស្សបីនាក់ផ្សេងទៀត ត្រូវបានគេដាក់ថ្នាំពុល នៅពេលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងទីរួមស្រុក Be'aj ភាគនិរតីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ជិតព្រំដែនស៊ីរី នេះបើតាមទំព័រ Sputnik រាយការណ៍កាលពីម្សិលមិញ។

/

មេដឹកនាំ ISIS ឈ្មោះ Abu Bakr al-Baghdadi ត្រូវបាន​គេ​ជឿថា បានត្រូវថ្នាំពុល ធ្លាក់ខ្លួនឈឺ

ទំព័រ Media News Agency ដកស្រង់សំដីរបស់ប្រភពមួយសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ជនទាំង៤នាក់ខាងលើ បានត្រូវថ្នាំពុលយ៉ាងធ្ងន់ធ្ងរ រហូតត្រូវបញ្ជូនទៅកន្លែងសម្ងាត់ដើម្បីព្យាបាល។ ក្រុម ISIS សង្ស័យថា ថ្នាំពុលត្រូវបានគេដាក់ក្នុងអាហារ ដូច្នេះទើបពួកគេបានចាប់ខ្លួនអ្នកដែលជាប់ទាក់ទឹនដើម្បីវែកមុខរកជនដៃដល់។

Abu Bakr al-Baghdadi កាលពីខែមុន ត្រូវបានគេសង្ស័យថា បានលាក់ខ្លួននៅក្នុងតំបន់ Mosul បន្ទាប់ពីរយៈពេល ២ឆ្នាំដែលមានពាក្យចចាមអារ៉ាមថា ជននេះត្រូវបានកំចាត់កាលពីរដូវក្ដៅ ឆ្នាំ ២០១៤។

មេដឹកនាំ ISIS ខាងលើ មានអាយុប្រហែល ៤៥ឆ្នាំ កើតនៅក្នុងតំបន់ Samarra ភាគខាងជើងក្រុង Baghdad។ ជននេះ ធ្លាប់បានធ្វើជាអាចារ្យនៅក្នុងវិហារអ៊ីស្លាមមួយ មុនពេលជួយដល់ក្រុម ISIS ដណ្ដើមបានទឹកដីមួយភាគធំនៅអ៊ីរ៉ាក់ និងស៊ីរី។

Abu Bakr al-Baghdadi បង្ហាញខ្លួនជាសាធារណៈកាលពីខែកក្កដា ឆ្នាំ ២០១៤។ អាមេរិក ធ្លាប់បានប្រកាសផ្ដល់រង្វាន់ ១០លានដុល្លារ សម្រាប់ជនណាដែលបានផ្ដល់ព័ត៌មាន ដើម្បីចាប់ខ្លួន ឬសម្លាប់ជននេះ៕

ប្រែសម្រួល ៖ តារាប្រភព ៖ dailymail