បន្ទាយមានជ័យ ៖ លោកទ្រី ណារិន កើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៧ នៅ ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ហើយបច្ចុប្បន្នរស់នៅភូមិ គីឡូលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងបោយ ប៉ែត ខេត្ដបន្ទាយមានជ័យ ។
លោកទ្រី ណារិន មានឪពុកឈ្មោះទ្រី វែង ស្លាប់ និងមានម្ដាយឈ្មោះទូច ឈុនលី នៅរស់ ហើយមានប្រពន្ធ ឈ្មោះឈុន ឌីន កើតនៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៨៦ ជាកូន ស្រីបង្កើតរបស់លោកឈុន ឈន់ អតីតអភិ បាលខេត្ដកំពង់ធំ និងមានកូន៤នាក់ ក្នុងនោះ ស្រី៣នាក់ ។
ក្នុងប្រវត្ដិសិក្សា កាលពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៦ លោកទ្រី ណារិន សិក្សានៅវិទ្យា ល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ក្រោយ បញ្ចប់ការសិក្សាថ្នាក់បឋមភូមិនៅស្រុក កំណើតរបស់លោក ឯស្រុកស្ទឹងត្រង់ ខេត្ដកំពង់ ចាម ។ ក្រោយមកលោកបានសិក្សានៅ សាលាភូមិន្ទរដ្ឋបាលជាន់ខ្ពស់ ដោយទទួល បានវិញ្ញា បនបត្ររួចមក បន្ដការសិក្សាថ្នាក់ ឧត្ដមសិក្សា នៅសាលាបណ្ដុះបណ្ដាលគ្រូវិជ្ជា ជីវៈជាន់ខ្ពស់ ។ បន្ទាប់មកទៀត លោកទ្រី ណារិន បានចូលសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ច ដោយបញ្ចប់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រ ។ ក្រោយពី បញ្ចប់ថ្នាក់ បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ មួយនេះលោកទ្រី ណារិន បានចូលសិក្សានៅ សាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា ហើយបានបញ្ចប់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៤ ទទួលបានសញ្ញាបត្រ អនុបណ្ឌិត។ បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិត លោកទ្រី ណារិន បានបន្ដសិក្សានៅរាជបណ្ឌិតសភា កម្ពុជា ទទួលបាន សញ្ញាបត្របណ្ឌិត ។
សម្រាប់ប្រវត្ដិការងារវិញ កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៤ លោកទ្រី ណារិន ជា មន្ដ្រីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្ដ ឧត្ដរមានជ័យ។ ចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០៤ លោកទ្រី ណារិន ត្រូវបានតែង តាំងជាចៅសង្កាត់និរោធ ខណ្ឌមានជ័យ ។ ក្រោយពីធ្វើជាចៅសង្កាត់និរោធ រួចមកលោក ទ្រី ណារិន ត្រូវបានតែងតាំងជានាយផ្នែក បុគ្គលិកនៅនាយក ដ្ឋាន បុគ្គលិកក្រសួងមហាផ្ទៃ ។ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៤ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០០៥ លោក ទ្រី ណារិន ត្រូវបានតែងតាំងជាអភិបាលរង ខណ្ឌ៧មករា ។ ក្រោយពីធ្វើជាអភិបាលរង ខណ្ឌ៧មករា រួចមក នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៩ លោកទ្រី ណារិន ត្រូវបានតែង តាំងជាអភិបាលក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រួចហើយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១ លោកទ្រី ណារិន ត្រូវបានតែងតាំងជា អភិបាលរងខេត្ដបន្ទាយមានជ័យ មុន ពេលដែលលោកត្រូវបានតែងតាំងជាអភិបាល ខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៣ ៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល