កាលពីថ្ងៃម្សិលមិញកន្លងទៅនេះ នគរបាល បានចាប់ខ្លួនបុរសជនជាតិថៃម្នាក់ នៅខេត្ដ Sa Kaeo ដោយសារបុរសនោះ ដឹកពលករចំណាកស្រុកកម្ពុជាចំនួន ៣២ នាក់ ដោយបានញាត់ពួកពលករចំណាកស្រុកទាំងនេះណែន នៅក្នុងឡាន។ លោក Ousman Sulong អាយុ ៣៦ ឆ្នាំបានបើកឡានធុនដឹកអ្នកដំណើរពណ៌ទឹកប្រាក់មួយគ្រឿង ក្នុងល្បឿនលឿនពីស្រុក Amphoe Khok Sung ខេត្ដ Sa Kaeo ឆ្ពោះទៅកាន់ទីក្រុងបាងកក នៅពេល ដែលគាត់ត្រូវប៉ូលីសលើកទង់ជាសញ្ញាឱ្យឈប់ឡាន ដើម្បីធ្វើការត្រួតពិនិត្យ។

/

ប៉ូលីសឆែកឃើញជនជាតិកម្ពុជាសរុបចំនួន ៣២ នាក់ ដែលមានបុរស ១៩ នាក់ និងស្ត្រី ១៣នាក់ នៅក្នុងឡាននោះ។ យោងតាមប៉ូលីសខេត្ដ Sa Kaeo បានឱ្យដឹងថា ក្នុងចំណោមជនជាតិខ្មែរទាំងនេះ ពុំមានជនណាម្នាក់ មានឯកសារធ្វើដំណើរជាប់នឹងខ្លួននោះទេ។

ប៉ូលីសបាននិយាយថា ដំបូងឡើយ លោក Ousman បានបដិសេធមិនព្រមឈប់ឡាន ហើយនៅតែបន្ថែមល្បឿនដើម្បីគេចខ្លួន ។ ក្រោយមក គាត់បានឈប់ឡាន នៅពេលឡានប៉ូលីស បានស្ទាក់បិទផ្លូវនៅខាងមុខ។

យោងតាមរបាយការណ៍របស់ប៉ូលីស លោក Ousman បាននិយាយថា លោកត្រូវបានគេជួលឱ្យទៅយកកម្មករចំណាកស្រុកកម្ពុជា នៅព្រំប្រទល់ខេត្ដ Sa Kaeo ក្នុងតម្លៃពី ១,៥០០ ទៅ ២,០០០ បាត ក្នុងមួយជើង។ ប៉ុន្ដែគាត់ បដិសេធមិនព្រមប្រាប់ អ្នកដែលជួលគាត់នោះទេ។

របាយការណ៍របស់ប៉ូលីសក៏បាននិយាយផងដែរថា ជនជាតិកម្ពុជាទាំង ៣២ នាក់ មកពីខេត្តកំពង់ធំ និងខេត្ដបន្ទាយមានជ័យ ក្នុងប្រទេសកម្ពុជា ដោយម្នាក់ៗ បានសារភាពថា ខ្លួនបានបង់ប្រាក់ ៣ ពាន់បាត ដើម្បីអាចចូលទៅក្នុងប្រទេសថៃ។ ប៉ូលីសបាននិយាយថា ពួកគេមានបំណងធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីរកការងារធ្វើ។

ប៉ូលិស បានបន្ថែមថា ខ្លួនបានទាក់ទងជាមួយអគ្គកុងស៊ុលកម្ពុជា នៅក្នុងស្រុកអារញ្ញប្រាថេតនៃខេត្ដស្រះកែវ ដើម្បីប្រាប់មន្រ្ដីទទួលបន្ទុកទាំងនោះអំពីបញ្ហានេះ និងពិភាក្សាអំពីយុទ្ធសាស្រ្តដើម្បីទប់ស្កាត់ការជួញដូរជនចំណាកស្រុកកម្ពុជា ឆ្លងកាត់ព្រំដែន ក្នុងខេត្ដស្រះកែវ។ ក្រោយពីការស៊ើបអង្កេត លោក Ousman ត្រូវបានឃុំខ្លួនពីបទជួញដូរមនុស្ស ខណៈដែលប្រជាជនកម្ពុជា ៣២ នាក់នេះ ត្រូវបានបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ Aranyaprathet ដើម្បីបញ្ជូនទៅស្រុកកំណើតវិញ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ bangkokpost