ការទៅជួបគ្រួពេទ្យដើម្បីឱ្យជួយពិនិត្យមើលមេជីវិតនៅក្នុងទឹកកាមរបស់បុរស ធ្វើឱ្យមនុស្សស្ទើរតែទាំងអស់ មានការខ្មាស់អៀន។ ប៉ុន្តែ ឧបករណ៍ថ្មីមួយ អាចភ្ជាប់ទៅនឹងស្មាតហ្វូន នឹងជួយពិនិត្យមើលស្ថានភាពរបស់មេជីវិតរបស់បុរស ដោយមិនបានទៅជួបគ្រូពេទ្យ។ គ្រាន់តែវីដេអូខ្លីមួយ ដែលថតដោយស្មាតហ្វូន នោះគឺគេអាចដឹងបានអំពីស្ថានភាពនៃមេជីវិត។

ក្រុមអ្នកសិក្សាស្រាវជ្រាវមួយនៅសកលវិទ្យាល័យ Illinois នៃក្រុង Chicago (UIC) បានអភិវឌ្ឍនូវកញ្ចក់ដ៏ស្ដើងមួយ ជួយពង្រីករូបភាព វីដេអូ ថតដោយស្មាតហ្វូន ហើយវាអាចពង្រីកឱ្យធំឡើងដល់ ៥៥៥ដង អាចឱ្យគេពិនិត្យឃើញនូវកោសិកាដោយឡែករបស់មេជីវិត។

/

/

/

/

ការពង្រីកវីដេអូ ឬរូបថត អនុញ្ញាតឱ្យគេរកឃើញនូវបញ្ហា ទាក់ទឹកនឹងចំនួននៃមេជីវិត ឬមេជីវិតខ្សោយជាដើម។ Yoshitomo Kobori ដែលជាប្រធានក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថា “បច្ចុប្បន្ន មនុស្សស្ទើរគ្រប់គ្នា មានស្មាតហ្វូន ដែលមានកាមេរ៉ាល្អ។ ខ្ញុំយល់ថា ការប្រើប្រាស់កញ្ចក់ពង្រីក និងកាមេរ៉ាស្មាតហ្វូន អាចជាវិធីល្អមួយ ដើម្បីតាមដានគុណភាពរបស់មេជីវិតរបស់បុរស”។

Kobori បានអភិវឌ្ឍឧបករណ៍នេះ រួមជាមួយនឹងកម្មវិធីពិសេសមួយដែលអាចផ្ដល់ការវិនិច្ឆ័យតាមរយៈបណ្ដារូបភាពដែលប្រមូលបាន។

ផលិតផលខាងលើនេះ ត្រូវបានគេដាក់លក់នៅប្រទេសជប៉ុន ហើយ Kobori សង្ឃឹមថា ពួកគេនឹងអាចដាក់លក់ផលិតផលនេះ នៅក្នុងបណ្ដាប្រទេសក្នុងពិភពលោក នាពេលខាងមុខ។

ឧបករណ៍ខាងលើ ដំណើរការដោយការថតរូបភាពរបស់ទឹកកាម។ ទឹកកាមត្រូវតែដាក់ចូលទៅលើបន្ទះជ័យមួយ បន្ទាប់ពីបញ្ចេញទឹកកាមប្រហែល ៥នាទី។ កែវពង្រីកត្រូវបានដាក់ភ្ជាប់ទៅនឹងកាមេរ៉ាទូរស័ព្ទ ដើម្បីពង្រីករូបភាព ក្រោយមកធ្វើការថតវីដេអូទៅលើទឹកកាមនោះ។

វីដេអូខ្លីមួយដែលមានរយៈពេល ៣វិនាទី គឺគ្រប់គ្រាន់ដើម្បីវាយតម្លៃទៅលើបរិមាណ និងគុណភាពរបស់មេជីវិត។

ប្រែសម្រួល ៖ តារា