បណ្ដាញសង្គមធំៗរបស់ពិភពលោក ត្រូវបានគេបិទ នៅទួគី ខណៈរដ្ឋប្រហារកំពុងធ្វើឱ្យច្របូកច្របល់នៅប្រទេសនេះ។

/

ទួគីមានភាពច្របូកច្របល់ ពេលមានរដ្ឋប្រហារទម្លាក់ប្រធានាធិបតី

ទំព័រ Cnet បានឱ្យដឹងថា សេវា Facebook, Twitter និង YouTube កំពុងតែត្រូវបានគេបិទ ឬ រអាក់រអួលនៅទូគី ខណៈដែលកងទ័ពទួគីប្រកាសថា បានគ្រប់គ្រងអំណាច ប៉ុន្តែប្រធានាធិបតី Tayyip Erdogan យល់ថា អំពើរដ្ឋប្រហារនឹងត្រូវបានបំផ្លាញ។

មនុស្សជាច្រើននៅទួគី បានប្រើប្រាស់ VPN ឬសេវាកម្មលាក់ឈ្មោះផ្សេងៗដើម្បី បង្ហោះវីដេអូ តាមរយៈ Facebook Live។ ស្ថានភាពច្របូកច្របល់ បានក្លាយជាចំនុចក្ដៅ ដោយមានការផ្សាយនូវវីដេអូ តាម Facebook រាប់សិប កំពុងត្រូវបានធ្វើឡើង។

/

ចំណែក ប្រធានាធិបតីទួគី Tayyip Erdogan បានប្រើប្រាស់មុខងារ FaceTime នៅលើ iPhone ដើម្បីអំពាវនាវអ្នកគាំទ្រ ឱ្យចេញមកក្រៅ ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារ និងដើម្បីការពាររដ្ឋាភិបាលស្របច្បាប់។ លោក Tayyip Erdogan ក៏បានបង្ហោះសារនៅលើ Twitter បើទោះជាបណ្ដាញសង្គមនេះ កំពុងត្រូវបានបិទនោះទួគី។

/

ប្រធានាធិបតីទួគី Tayyip Erdogan បានប្រើប្រាស់មុខងារ FaceTime នៅលើ iPhone ដើម្បីអំពាវនាវអ្នកគាំទ្រ ឱ្យចេញមកក្រៅ

អ្នកនាំពាក្យរបស់ YouTube បានឱ្យដឹងថា សេវាកម្មរបស់ក្រុមហ៊ុន មិនអាចដំណើរការបាននៅទួគី។ អ្នកនាំពាក្យរូបនេះ បន្តថា បញ្ហានេះបានកើតឡើង បើទោះប្រព័ន្ធ YouTube នៅតែដំណើរការល្អ នៅប្រទេសផ្សេងៗ។ រីឯ Facebook និង Twitter មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។

ប្រែសម្រួល ៖ បុត្រា