ភ្នំពេញ៖ ស្ត្រីម្នាក់ជាឈ្នួលបំរើ ត្រូវក្រុមជនល្មើសប្លន់យកគ្រឿងអលង្ការ លុយកាក់អស់ជាច្រើន។ ប៉ុន្តែសមត្ថកិច្ច សង្ស័យថា ជារឿងផ្ទៃក្នុង ។

នាយនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ លោក ស៊ុន ប៊ុនរី បាននិយាយថា នៅម៉ោងជាង៨យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៣ មានករណីប្លន់បានកើតឡើង នៅផ្ទះលេខ ១២៨C ផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីស្រ្តីរងគ្រោះ ត្រូវជនល្មើសមួយក្រុមចងដៃ ចងជើងជាប់គ្នា ហើយយកស្គុតបិទមាត់ រួចធ្វើសកម្មភាព ប្លន់យកគ្រឿងអលង្ការ នៅក្នុងផ្ទះអស់មួយចំនួន។

ស្ត្រីរងគ្រោះក្នុងអំពើប្លន់ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ដោយសារម្ចាស់ផ្ទះលាក់បាំង ព័ត៌មាន។ ដោយឡែកម្ចាស់ផ្ទះកើតហេតុវិញត្រូវបានគេស្គាល់ថា ឈ្មោះ គឹម រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ។

មុនពេលកើតហេតុម្ចាស់ផ្ទះ និងក្រុមគ្រួសារបាននាំគ្នា ចេញទៅក្រៅ បាត់អស់ដោយទុកឈ្នួលនៅផ្ទះម្នាក់ឯង ហើយពេលនោះក៏មានក្រុមចោរប្លន់គ្នាពីរនាក់ ជិះរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកមកឈប់នៅមុខផ្ទះ ហើយ ចូលធ្វើសកម្មភាពចាប់ស្ត្រី អ្នកបំរើចងរួចប្លន់យក គ្រឿងអលង្ការអស់មួយចំនួន។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវជុំវិញហេតុការណ៍ ដែលកើតឡើងដោយមិនទាន់សន្និដ្ឋានថា ជាសកម្មភាពអ្វីពិតប្រាកដនៅឡើយទេ៕

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល