ប្រទេសបារាំងនឹងគាំទ្រដល់ការអភិវឌ្ឍបណ្តាញបញ្ជូនថាមពលអគ្គីសនីរបស់កម្ពុជា ដែលមានទឹកប្រាក់ ៣០ លានដុល្លារដែលផ្ដល់ជាហិរញ្ញប្បទាន។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក Remi Riou អ្នកចាត់ការទូទៅនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាននាពេលខាងមុខឆាប់ៗ។សេចក្តីថ្លែងការណ៍បាននិយាយថា ”តាមគម្រោង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមួយ សម្រាប់គម្រោងទំនើបភាវូបនីយកម្មប្រព័ន្ធបញ្ជូនថាមពល ដែលមានទឹកប្រាក់ចំនួន ២៩,១ លានអឺរ៉ូ”។

គម្រោងនេះ មានគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងថាមពល ដោយប្រើបណ្តាញអគ្គិសនីវៃឆ្លាត និងបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល។យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានខ្សែបញ្ជូនថាមពលអគ្គិសនីប្រវែង ២,១៤១ គីឡូម៉ែត្រ និងអនុស្ថានីយចំនួន ៣៣ កន្លែង។កាលពីខែមករា ដើមឆ្នាំនេះ រដ្ឋាភិបាលបាននិយាយថា ខេត្តចំនួន ២៤ ក្នុងប្រទេសនឹងត្រូវបានតភ្ជាប់បណ្តាញអគ្គីសនីរបស់រដ្ឋ នៅឆ្នាំ ២០២០។របាយការណ៍ដដែលបន្តថា ខេត្តចំនួន ៥ ដែលមិនទាន់ទទួលបានបណ្តាញអគ្គីសនីរបស់រដ្ឋមាន ខេត្តត្បូងឃ្មុំ កំពង់ធំ ឧត្តរមានជ័យ រតនគិរី និងខេត្តមណ្ឌលគិរី។
បច្ចុប្បន្ននេះ ៨៧ ភាគរយនៃភូមិចំនួន ១៤.១៦៨ ភូមិ ទូទាំងប្រទេស មានថាមពលអគ្គីសនីប្រើប្រាស់។កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានប្រើប្រាស់ថាមពលអគ្គីសនី ២,៦៥០ មេហ្គាវ៉ាត់ ដែលកើនឡើង ១៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ៕

ប្រភព ៖ khmertimes