ជាធម្មតា សំរាប់ផលិតផលផ្នែកបច្ចេកវិទ្យា (និយាយរួម) ជាពិសេសទូរស័ព្ទ (និយាយដោយឡែក) នៅពេលដែលមានជំនាន់ថ្មីចេញលក់នៅលើទីផ្សារ បណ្តាជំនាន់មុនៗ ដែលបានចេញលក់មួយឆ្នាំ ពីរឆ្នាំហើយនោះ នឹងបន្តធ្លាក់តំលៃជាបន្តបន្ទាប់ មិនខាន។
ប៉ុន្តែអ្វីៗវាមិនដូច្នេះទាំងអស់ទេ តំលៃរបស់វា អាចនឹងមិនស្រក ថែមទាំងបន្តឡើងទៀត នៅពេលដែលទូរស័ព្ទណាមួយនោះ នៅបន្តការពេញនិយមខ្លាំង និងទិញយកទៅប្រើប្រាស់ច្រើនដដែល តួយ៉ាងតំលៃលក់ iPhone 5 (ចេញលក់បានជាងមួយឆ្នាំ) នៅពេលនេះឯង។
iPhone 5S និង iPhone 5
យើងបានដឹងហើយថា កាលពីជិតមួយខែមុន តំលៃលក់ iPhone 5 ចាប់ផ្តើមមានការស្រកចុះបន្តិចបន្តួច នៅមុនថ្ងៃនៃការមកដល់ iPhone 5S និង 5C នៅលើទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែង នៅថ្ងៃមកដល់ដំបូង (ថ្ងៃទី ២០ ខែកញ្ញា) នៃ iPhone ថ្មីទាំងពីរម៉ូដែលនោះ iPhone 5 (16 GB) ត្រូវបានដាក់លក់ក្នុងតំលៃ ៦១០ ដុល្លារ ហើយតំលៃរបស់វា បានបន្តស្រកបន្តិចថែមទៀត ដល់ជាង ៥៨០ ដុល្លារ នៅក្នុងសប្តាហ៍ដំបូងនៃវត្តមានរបស់ iPhone 5S។
បើតាមការរំពឹងទុក អ្នកគាំទ្រផលិតផល Apple នៅកម្ពុជា បានមានសង្ឃឹមថា តំលៃលក់របស់ iPhone 5 នឹងបន្តស្រកចុះបន្ថែមទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតមិនខាន។ ប៉ុន្តែអ្វីៗហាក់ដូចជាបានដើរខុសការរំពឹងទុកនេះហើយ ដោយសារតែនៅពេលនេះ (ថ្ងៃទី ១០ ខែតុលា) តំលៃលក់របស់ iPhone 5 (16 GB) បានងើបឡើងវិញគួរសម ដែលជាក់ស្តែង បានដាក់លក់ក្នុងតំលៃ ៦៣០ដុល្លារ, នេះបើតាមតារាងតំលៃនៃហាងលក់ទូរស័ព្ទដៃទំនើបៗ មួយចំនួននៅទីក្រុងភ្នំពេញ។
តំលៃលក់ iPhone 5 នៅហាង អង្គរមាស នៅថ្ងៃ ១០ ខែតុលា នេះ
ប្រហែលជាអ្នកប្រើប្រាស់មួយចំនួនអាចយល់ពីមូលហេតុ នៃការឡើងថ្លៃវិញរបស់ iPhone 5 នេះ ហើយប្រហែលជាមួយចំនួនទៀតអាចនៅងឿងឆ្ងល់។ ហេតុផលមិនពិបាកយល់ប៉ុន្មានឡើយ ដោយសារតែ អ្នកដែលនិយមចូលចិត្តប្រើ iPhone ហើយចង់ប្តូរ ប្រើប្រាស់ស៊េរីថ្មីបំផុតនៃ iPhone បានអស់សង្ឃឹមនឹងតំលៃលក់ ដ៏ថ្លៃហួសប្រមាណ របស់ iPhone 5S ជាពិសេស iPhone 5S Gold ដែលពួកគេចាប់អារម្មណ៍ជាងគេនោះ។ ដោយសារតែ iPhone 5S Gold នៅតែមានតំលៃថ្លៃ (លើ ១ពាន់ដុលា្លរ) ក្នុងពេលដែល ស្មាតហ្វូនថ្មីនេះ មិនមានអ្វីខុសប្លែកច្រើនពីiPhone 5 (ខុសតែពណ៌ និង Feature, Hardware បន្តិចបន្តួច) អ្នកប្រើប្រាស់មួយចំនួនធំ ក៏បានងាកទៅបន្តទិញ iPhone 5 ដែលធ្វើស្មាតហ្វូននេះ ស្ទើរតែអស់ស្តុក សំរាប់លក់ដល់ អតិថិជនទៅហើយ (តាមប្រភពពីម្ចាស់ហាងលក់ទូរស័ព្ទដៃ ក្នុងស្រុកមួយចំនួន)។
តាមរយះ មូលហេតុខាងលើនេះផងដែរ អាចជាហេតុផលធំមួយ ដែលបណ្តាលឲ្យតំលៃលក់របស់ iPhone 5S Gold ចេះតែបន្តធ្លាក់ថ្លៃយ៉ាងគំហុក។ បើយើងគិតចាប់តាំងពីថ្ងៃដាក់លក់ដំបូងនៅកម្ពុជា មកដល់រសៀលថ្ងៃនេះ គឺមានរយះពេល ៣សប្តាហ៍ ប៉ុណ្ណោះ តំលៃលក់របស់ iPhone 5S Gold (16 GB) បានស្រកអស់ប្រហែល ៧០០ ដុល្លារ ពោលគឺជិតមកនៅក្រោម ១ពាន់ដុល្លារហើយ។ ជាក់ស្តែង តាមរយះរូបភាពតំលៃ ដែលហាងលក់ទូរស័ព្ទដៃដ៏ធំមួយ កម្ពុជា បានបង្ហោះនៅលើហ្វេសប៊ុក នៅថ្ងៃនេះ គឺ iPhone 5S Gold (16 GB) មានតំលៃលក់នៅសល់ត្រឹម ១០៥០ ដុល្លារ។
រូបភាពតំលៃ iPhone 5S ដែលហាងនីកា ទើបតែបង្ហោះនៅថ្ងៃទី ១០ ខែតុលា នេះ
បើតាមការប៉ាន់ស្មាន តំលៃលក់របស់ iPhone 5S អាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត នៅក្នុងរយះពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាពិសេសនៅពេលដែល Apple ធ្វើការពង្រីកទីផ្សារចែកចាយiPhone 5S និង 5C ជាង ៥០ ប្រទេសផ្សេងទៀត ចាប់ពីថ្ងៃទី ២៥ ខែតុលា ខាងមុខនេះតទៅ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Apple អាចនឹងបញ្ចេញ iPhone ថ្មី អេក្រង់ធំ ពីរម៉ូដែលទៀត នៅឆ្នាំក្រោយ- នឹងមានទីផ្សារជាង ៥០ ប្រទេសផ្សេងទៀត ត្រូវបាន Apple ដាក់លក់ iPhone 5S និង 5C- នៅសៀងហៃ សម្បូរកស្រីក្មេងៗ ដើរស្រាត តាមដងផ្លូវ អមដោយស្ទីលប្លែកៗ - គ្រាន់តែបង្ហោះរូបថត ថើមមាត់គ្នា ត្រូវ Facebook Lock គណនី (Account) ដែរ - អីគេ! មានស្រោមអនាម័យ សំរាប់សត្វ ឆ្កែ និងឆ្មា ទៀត?- Smartphone Galaxy S5 អាចការពារបាន ការជ្រាបចូលនៃទឹក និងធូលី
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា