ប្រទេសថៃ៖ តុលាការព្រហ្មទណ្ឌ បានច្រានចោល ការសន្មតថា មរណភាពដ៏អាថ៌កំបាំងនៃអតីតមន្រ្តីផ្នែកដីធ្លី ដែលត្រូវបានឃុំខ្លួន នៅមន្ទីរស៊ើបអង្កេតពិសេស (DSI) កាលពីឆ្នាំមុន គឺជារឿងធ្វើអត្ដឃាត ។ តុលាការបាននិយាយថា ខ្លួនបានរកឃើញថា លោក Thawatchai Anukul ដែលជាអតីតមន្ត្រីនៃការិយាល័យដីធ្លី នៅក្នុងខេត្ត Phangnga និងភូកេត ត្រូវគេសម្លាប់។

ការសន្និដ្ឋានបែបនេះ បានធ្វើឡើងបន្ទាប់ពីមានការសម្ភាសន៍ ជាមួយសាក្សីជាច្រើននាក់ តាំងពីដើមឆ្នាំមក តាមសំណើរបស់ព្រះរាជអាជ្ញា ដែលកំពុងស្វែងរកការចេញសាលក្រម ពីតុលាការលើសំណុំរឿងនៃការស្លាប់របស់លោក។ តុលាការ មិនបានវែកញែកលម្អិត ចំពោះការស៊ើបអង្កេតនោះទេ។

/

លោក Thawatchai អាយុ ៦៦ ឆ្នាំ បានស្លាប់កាលពីថ្ងៃទី ២៩ ខែសីហាឆ្នាំមុន។ លោក ត្រូវបានរកឃើញថា ចងក.សម្លាប់ខ្លួន នៅក្នុងបន្ទប់មួយជាន់ទី ៦ នៃអាគារ DSI ។ បន្ទាប់មក លោក Songsak Raksaksakun អនុប្រធាន DSI និយាយថា ក្រុមមន្រ្តីបានផ្តល់ការសង្រ្គោះបឋមដល់គាត់ ប៉ុន្តែការសង្រ្គោះបឋមនោះ បានយឺតពេលក្នុងការស្រោចស្រង់ជីវិតរបស់គាត់ទៅហើយ។ គាត់ ត្រូវបានគេដឹងថា ស្លាប់ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ Mongkutwattana ។ DSI បាននិយាយថា ជនរងគ្រោះ បានប្រើស្រោមជើងមួយគូ ដើម្បីចងក.ធ្វើអត្ដឃាត ។

លោក Thawatchai ត្រូវបានតុលាការចោទប្រកាន់ពីបទមិនគោរពកាតព្វកិច្ច ចំពោះការជាប់ពាក់ព័ន្ធគួរឱ្យសង្ស័យរបស់លោក ក្នុងការចេញឯកសារកម្មសិទ្ធិដីធ្លី នៅភូកេត និងផាងហ្គោ ដែលជាការក្លែងបន្លំឯកសារដីធ្លីរួមមានឆ្នេរ Layan នៅស្រុក Thalang នៃខេត្ដភូកេត និងផ្នែកមួយនៃឧទ្យានជាតិ Hat Thai Mueang-Khao Lampi ក្នុងខេត្ត Phangnga ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។

ប្អូនប្រុសរបស់លោកឈ្មោះ Narongchai បាននិយាយថា លោកនឹងពិគ្រោះជាមួយមេធាវីរបស់ខ្លួន និងទៅស្ថានីយ៍ប៉ូលីសតុងសុងហុងដើម្បីដាក់ពាក្យបណ្ដឹង ដើម្បីបង្ខំឱ្យបើកការស៊ើបអង្កេតលើសំណុំរឿងឃាតកម្មមួយនេះ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost