ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់កំពុងត្រៀមចូលរៀននៅសាកលវិទ្យាល័យ ក្រោយពីក្មេងប្រុសរូបនេះ បានប្រើពេលត្រឹមតែ ១ ឆ្នាំកន្លះដើម្បីបញ្ចប់ថ្នាក់វិទ្យាល័យ។

Laurent Simons មកពីប្រទេសប៊ែលហ្សិក ទទួលបានពិន្ទុអាយឃ្យូ(IQ score) ១៤៥ ពិន្ទុ និងត្រូវបានគេរាយការណ៍ថា បានទទួលសញ្ញាបត្របាក់ឌុបរបស់ខ្លួន ពីថ្នាក់រៀន ដែលមានសិស្សអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

ពិន្ទុអាយឃ្យូ ខ្ពស់បំផុត ដែលតម្រូវឱ្យអ្នកធ្វើតេស្ដន៍ទទួលបាន គឺប្រហែល ១៤០ ពិន្ធុប៉ុណ្ណោះ។ ការសិក្សា ថ្នាក់វិទ្យាល័យ គឺតម្រូវឱ្យគេរៀន ៦ ឆ្នាំដើម្បីឱ្យចប់ ប៉ុន្ដែក្មេងប្រុសនេះរៀនត្រឹមតែ ១៨ ខែប៉ុណ្ណោះ ហើយគេ នឹងមានពេលវេលាដើរទេសចរណ៍លំហែការរយៈពេលពីរខែ មុនពេលចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ។

/

Laurent និយាយថា គេធ្លាប់ស្រមៃចង់ធ្វើគ្រូពេទ្យវះកាត់ និងអាកាសយានិក ប៉ុន្ដែនាពេលនេះ គេប្ដូរចិត្ដមករៀនវិស័យកុំព្យូទ័រវិញ នេះបើតាមការរាយការណ៍របស់ BBC។

ក្មេងប្រុសតូចនេះ បានប្រាប់វិទ្យុ RTBF របស់ប៊ែលហ្សិកថា មុខវិជ្ជាដែលគេចូលចិត្ដរៀនគឺ គណិតវិទ្យា ព្រោះវាជាមុខវិជ្ជាទូលំទូលាយ មានទាំងសិក្សាពីស្ថិតិ ធរណីមាត្រ និងពិជគណិតទៅទៀត។

ឪពុករបស់ Laurent និយាយថា  កាលពីកូនប្រុសរបស់គាត់នៅក្មេង គេចូលចិត្ដលេងជាមួយក្មេងៗដទៃទៀត ហើយគេមិនចូលចិត្ដលេងតុក្កតាឡើយ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ metro.co.uk