ប្រទេសជប៉ុនបានអះអាងថា គ្រោះរញ្ជួយដីកម្លាំង 5,3 Richter ដែលកើតឡើងកាលពីព្រឹកនេះ នៅកូរ៉េខាងជើង គឺកើតឡើងដោយសារក្រុងព្យុងយ៉ាងធ្វើការសាកល្បងអាវុធនុយក្លេអែរថ្មី នេះបើតាមទំព័រ Telegraph របស់អង់គ្លេស ដកស្រង់ប្រភពពីរាជរដ្ឋាភិបាលជប៉ុន។

លោក គីម ជុងអ៊ុន និងមន្ដ្រីរបស់ខ្លួន នៅក្នុងការសាកល្បងអាវុធនុយក្លេអែរចុងក្រោយនាខែឧសភា ឆ្នាំ ២០១៦
ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីព្រឹកបន្ទាប់ពីមានព័ត៌មានស្ដីអំពីគ្រោះរញ្ជួយដីសិប្បនិម្មិត 5,3 Richter នៅកូរ៉េខាងជើង ប្រធានការិយាល័យនៃទីស្ដីការគណរដ្ឋមន្ដ្រីជប៉ុន Yoshihide Suga ឱ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសនេះអះអាងថា ការរញ្ជួយដីនេះគឺកើតឡើងដោយសារកូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអែរ។
បច្ចុប្បន្ន ភាគីខាងជប៉ុនបានផ្ញើកំណត់ទូតមួយទៅកាន់កូរ៉េខាងជើង ដើម្បីតវ៉ាអំពីបញ្ហានេះ។
ចំណែកទំព័រ Yonhap បានឱ្យដឹងថា កូរ៉ខាងត្បូងជឿថា កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអែរកាលពីព្រឹកមិញនេះ។ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងមិនទាន់ទទួលស្គាល់ព័ត៌មាននេះ ប៉ុន្តែ មន្ដ្រីម្នាក់ថ្លែងថា “យើងខ្ញុំកំពុងតែវិភាគ ដើម្បីឱ្យដឹងថា តើនេះពិតជាការសាកល្បងដោយជោគជ័យ ឬអត់”។ រីឯប្រធានាធិបតីកូរ៉េខាងត្បូង Park Geun Hye ក៏បានអះអាងថា កូរ៉េខាងជើង ទើបតែបានសាកល្បងនុយក្លេអែរលើកទី៥ ហើយយល់ថា សកម្មភាពនេះគឺផ្ទុយទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
មន្ដ្រីម្នាក់របស់អាមេរិក និយាយប្រាប់ទំព័រ CNN ថា នេះអាចជាការសាកល្បងអាវុធនុយក្លេអែរ ប៉ុន្តែ ដើម្បីបញ្ជាក់អំពីបញ្ហានេះ គឺត្រូវយោងទៅលើទិន្នន័យនៃការរញ្ជួយដី និងទិន្នន័យដែលពាក់ព័ន្ធ។
កងទ័ពអាកាសរបស់អាមេរិក តាមគម្រោងនឹងបញ្ជូនយន្ដហោះ WC-135 Constant Phoenix ទៅកាន់តំបន់កើតហេតុ ដើម្បីប្រមូលសារធាតុនានាក្នុងអាកាសបំណងធ្វើការពិសោធ បញ្ជាក់ថា តើវាគឺពិតជាការសាកល្បងនុយក្លេអែរ មែន ឬមិនមែន។
ចំណែកភាគីខាងកូរ៉េខាងជើង សារព័ត៌មាននៃប្រទេសនេះ មកដល់ពេលនេះ នៅតែបន្តស្ងាត់ស្ងៀមនៅចំពោះព័ត៌មានស្ដីអំពីគ្រោះរញ្ជូយដី និងការសាកល្បងអាវុធនុយក្លេអែររបស់ក្រុងព្យុងយ៉ាង។
ប្រែសម្រួល ៖ បុត្រាប្រភព ៖ Telegraph