គ្វីតូ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយថា យ៉ាងហោចណាស់ មនុស្ស ១៣បានស្លាប់ និង ៣៧នាក់រងរបួស នៅថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១២ ដោយសារតែ រថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូល ទៅក្នុងជ្រលងផ្លូវ ស្ថិតនៅក្នុងខេត្ត តុងហ្គួរាហួ ភាគ កណ្តាលប្រទេសអេក្វាដ័រ។ នេះបើតាមការអះអាង ផងដែរ ពីមន្ត្រីរដ្ឋាភិបាល។

សារព័ត៌មានក្នុងតំបន់ អ៊ែល យូនីវើសូ បានឲ្យដឹងទៀតថា រថយន្តក្រុងនោះ បានដាច់ហ្វ្រាំង ពេលដែលកំពុង បើកបរ ហើយក៏បានបាត់បង់ម្ចាស់ការ រហូតបើកបុករបាំងផ្លូវ រួចក៏ធ្លាក់ចូល ទៅក្នុងជ្រលងជ្រោះក្បែរផ្លូវ ដែល មានជម្រៅ ២០០ ម៉ែត្រនោះតែម្តង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះដែរ បានកើតឡើងនៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅតំបន់ ឡា ចូអាគ្វីណា របស់ខេត្ត តុងហ្គួរាហួ។ លោក ឡឺរ៉ា វីលឡាបា អភិបាលខេត្ត តុងហ្គួរាហួ បានប្រាប់សារព័ត៌មានក្នុងតំបន់ថា គ្រោះថ្នាក់បានកើត ឡើងនៅតំបន់ខាងលើនេះ ហើយមូល ហេតុ ដែលបង្កឲ្យវាកើតឡើង គឺដោយសារតែរថយន្ត ដាច់ហ្វ្រាំងពេលកំពុងបើកបរ។

គួរបញ្ជាក់ផងដែរថា រថយន្តសង្គ្រោះជាង ២០គ្រឿងត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុហើយ ជនរងគ្រោះ ក៏ត្រូវបានជួយសង្គ្រោះ ជាបន្ទាន់ផងដែរ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល