ភ្នំពេញ៖ ក្រុមក្មេងស្ទាវ៥នាក់ ដែលមានអ្នក បើករថយន្ត មានភាពស្រវឹងខ្លាំង ដែលទើបនឹងចេញពីក្លឹប បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយបើករថយន្ត ទៅបុកប៉ារ៉ាស់ ហើយជ្រុលទៅបុក បង្គោលដែក ទ្រខ្សែភ្លើង បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ ដោយបាក់ជើង និងអ្នកផ្សេងទៀតក៏រងរបួសផងដែរ ត្រូវបានសមត្ថកិច្ចជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈអ្នកបើករថយន្ត ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានជិះម៉ូតូឌុបគេចខ្លួនបាត់ ។

គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣៖១៥នាទី ទៀបភ្លឺថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅផ្លូវ២៤០ កែងមហាវិថី សម្ដេចសុធារស ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនភ្នំពេញ ។

មន្រ្តីនគរបាល ចរាចរជើងគោក និងសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក Camry បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-4236 បើកបរ និងជិះនៅក្នុង រថយន្តចំនួន៥នាក់ ក្នុងស្រី៣នាក់ ជាក្រុមក្មេងស្ទាវ បានធ្វើដំណើរតាម បណ្ដោយមហាវិថីពី សម្ដេចសុធារស ពីទិសខាងត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុខាងលើ ក៏បានបត់ស្ដាំចូលផ្លូវ១៤០ ឡើងលើចិញ្ចើមផ្លូវ បុកបង្គោលដែកទ្រខ្សែភ្លើង បណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ ហើយអ្នកជិះនៅក្នុងរថយន្តរងរបួសធ្ងន់ និងបាក់ជើង។

សមត្ថកិច្ច បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបណ្តាលឲ្យ កំពិតបង្គោលទ្រខ្សែភ្លើង និងវៀចបារ៉ាស់ចំនួន៣ ។ សម្រាប់មូលហេតុ ដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល មកពីអ្នកបើកបរ លឿនលើផ្លូវខ្វែង ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានកម្លាំងនគរបាល ចរាចរណ៍ជើងគោក នាំយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Photo

Photo

Photo

Photo

Photo

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល