កុមារាអាយុ ១៤ឆ្នាំ Ahmed Mohamed កំពុងមានឈ្មោះល្បីល្បាញខ្លាំងនៅលើបណ្ដាបណ្ដាញសង្គម ហើយបន្តទទួលបានការអញ្ជើញពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា សកលវិទ្យាល័យធំៗនៅលើពិភពលោក។

/

មកដល់ពេលនេះ Ahmed Mohamed ធ្លាប់ទទួលបានការអញ្ជើញឱ្យទៅទស្សនាកិច្ចពីអ្នកមានអំណាចជាច្រើន ដូចជាប្រធានាធិបតីអាមេរិក និងម្ចាស់ Facebook លោក Mark Zuckerberg ។ល។ មិនតែប៉ុណ្ណោះ Ahmed Mohamed ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកវិទ្យាសាស្ដ្រជាច្រើនផងដែរ។ ជាងនេះ នៅលើបណ្ដាញសង្គម គេឃើញមានចលនាថតរូបជាមួយនាឡិកា ដើម្បីគាំទ្រដល់កុមារារូបនេះទៀតផង។

បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក Obama និង CEO Mark Zuckerberg បានអញ្ជើញ Ahmed Mohamed ទៅទស្សនកិច្ចសេតវិមាន និង Facebook កុមាររូបនេះ ក៏បន្តទទួលបានការ អញ្ជើញជាច្រើនពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃក្នុងពិភពលោក។

/

ក្នុងនោះគេឃើញមានអគ្គនាយកប្រតិបត្តិ Carl Bass របស់ក្រុមហ៊ុន Autodesk ផងដែរ ដែលបានអញ្ជើញ Ahmed Mohamed ឱ្យមកធ្វើទស្សនកិច្ចក្រុមហ៊ុន ហើយគេរំពឹងថា អាចនឹងមានអ្វីមួយដ៏គួរឱ្យចាប់អារម្មណ៍ ត្រូវបានបង្កើតឡើងរួមគ្នា។

/

ចំណែកក្រុមហ៊ុន 123D Circuits ក៏បានឱ្យដឹងថា នឹងផ្ដល់ជូនដោយមិនគិតថ្លៃនូវ circuit board ដើម្បីឱ្យកុមារនេះអាចបន្តស្រាវជ្រាវ និងច្នៃឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។

/

រីឯបណ្ដាញសង្គម ដូចជា Foursquare និង Reddit ជាដើម ក៏បានសំដែងឱ្យដឹងអំពីបំណងចង់ជួបកុមារាអាយុ ១៤ឆ្នាំនេះដែរ។

អ្នកវិទ្យាសាស្ដ្រផ្នែកតារាវិទូ Chanda Prescod-Weinstein នៃសកលវិទ្យាល័យ MIT ឱ្យដឹងថា ៖ Ahmed គឺជាសិស្សដ៏ល្អ ដែលមានការច្នៃប្រឌិតខ្ពស់។ កុមារានេះគឺជាសិស្សគំរូដែលយើងខ្ញុំចង់បានមកសិក្សានៅ MIT ឬ Harvard។

/

អតីតអវកាសចររបស់ NASA លោក Daniel Tani មានបំណងផ្ដល់ជូនអាវ NASA មួយដល់ Ahmed បន្ទាប់ពីបានឃើញកុមារនេះ ពាក់អាវដែលមានរូប NASA ក្នុងពេលត្រូវបានចាប់ខ្លួន។

ក្រៅពីនេះ Ahmed ក៏ទទួលបានការអញ្ជើញឱ្យចូលសិក្សាដោយមិនគិតថ្លៃ នៅមជ្ឈមណ្ឌល SpaceCamp និងសាលាពាណិជ្ជកម្ម New European។

/

ប្រការដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថា តារាចម្រៀង R&B Ne-Yo បានបង្ហោះនៅលើ Tweeter ថា នឹងទទួលយក Ahmed បើសិនកុមាររូបនេះ មានបំណងឈានជើងចូលប្រលូកក្នុងវិស័យឧស្សាហកម្មតន្ត្រី។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNN