អង់ការ៉ា៖ កាសែតក្នុងស្រុក ឈ្មោះ ធូដេសាម៉ាន់ បានផ្សាយកាលពី ថ្ងៃពុធ ទី០២ ខែមករាថា កងកម្លំាងសន្តិសុខ របស់ប្រទេសតួកគី បានសម្លាប់ សមាជិក របស់ក្រុមឧទ្ទាមឃឺត ៤៦នាក់ ក្នុងនោះមាន ស្រ្តី ១២នាក់ នៅក្នុងប្រតិបត្តិការបោសសម្អាត នៅតាមព្រំដែនអំឡុងពេល ប៉ុន្មានថ្ងៃចុងក្រោយ ឆ្នាំ២០១២។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៣ ដោយផ្អែកតាមសេចក្តី រាយការណ៍ថា ការវាយ ប្រហារដោយ កម្លំាងដែនអាកាស របស់តួកគីបានសម្លាប់ក្រុមឧទ្ទាមឃឺត ចំនួន៤៦នាក់ ក្នុងចំណោមសរុប ៦៨នាក់ដែល ស្នាក់នៅក្នុងជុំរំកាន់នី ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ខេត្តហាក់ការី ភាគអាគ្នេយ៍ប្រទេសតួកគី។

ទាក់ទិននឹងការបង្រាបទ្រង់ទ្រាយធំនេះដែរ សេចក្តីរាយការណ៍បានឲ្យដឹងថា សមាជិក ផ្សេងទៀតរបស់ក្រុម ឧទ្ទាមឃឺត បានរត់គេចខ្លួន ហើយជំរំ ស្នាក់នៅរបស់ពួកគេ ត្រូវបាន យន្តហោះចម្បំាងរបស់តួកគី កម្ទេចចោលផងដែរ។

កងយោធារបស់តួកគីបានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំ នៃការបោសសម្អាត នៅតាម ព្រំដែនចាប់ពី ថ្ងៃទី២២ ខែធ្នូ ចុងឆ្នាំ២០១២ គឺដើម្បីប្រឆំាង នឹងការ បោះជុំរំរបស់ក្រុមឧទ្ទាមឃឺត ដែលស្ថិតនៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ ហើយប្រតិបត្តិការនេះគឺនៅ តែបន្តជានិច្ច រហូតដល់ ក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចដ៏តឹងតែងបានកើតឡើងរវាងកងកម្លំាង សន្តិសុខតួកគី និងក្រុមឧទ្ទាមឃឺត រយៈពេលជាងពីរឆ្នាំកន្លងមកនេះ ហើយនៅឆ្នាំ២០១២ គឺមានការបង្ហូរឈាម ដ៏ខ្លំាងក្លាចាប់តំាងពីមេដឹកនាំ របស់ក្រុមឧទ្ទាមឈ្មោះ អាប់ឌូឡា អូកាឡាន់ ត្រូវបានចាប់ខ្លួន កាលពី ឆ្នាំ១៩៩៩ មក ចំណែកមនុស្សដែលស្លាប់ដោយ សារការប៉ះទង្គិចគ្នានេះ គឺមានច្រើន ជាង ៤០.០០០នាក់ឯណោះ ៕

/

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល