ច្រណែននឹងបងថ្លៃ ព្រោះតែខ្លួនមានសុទ្ធតែកូនស្រី នារីជនជាតិឥណ្ឌាម្នាក់ បានទម្លាក់ក្មួយរបស់ខ្លួនដែលទើបនឹងកើត ចុះពីជាន់លើគេបង្អស់នៃមន្ទីរពេទ្យ។
យោងតាម Times of India កាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ Shyam នៅក្រុង Kalyanpur រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានថតជាប់ហេតុការណ៍ខាងលើ។
អ្នកនាំពាក្យរបស់នគរបាលក្រុង Kalyanpur ឱ្យដឹងថា “ទារកខាងលើ ឈ្មោះ Anmol បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែជម្ងឺទាក់ទឹននឹងឈាម។ ពុកម្ដាយរបស់ទារក នេះ មានកិច្ចការសំខាន់ត្រូវត្រឡប់ទៅផ្ទះ ហើយទុកកូនប្រុសឱ្យប្អូនថ្លៃស្រីគឺនាង Sarita Devi ជាអ្នកមើលថែ”។
នៅវេលាម៉ោងប្រហែល ៥ព្រឹក ថ្ងៃទី ៥កញ្ញា នាង Sarita Devi បានរាយការណ៍ប្រាប់ក្រុមគ្រូពេទ្យថា ក្មួយរបស់ខ្លួនបានបាត់ខ្លួន។ ខាងមន្ទីរពេទ្យក៏បានរាយការណ៍បន្តទៅកាន់នគរបាល ហើយនៅក្នុងពេលស្វែងរក ពួកគេបានឮសម្លេងទារកយំ នៅអាគារក្បែរខាងមន្ទីរពេទ្យ។
ពេលទៅក្បែរ ក្រុមនគរបាលបានឃើញទារកដេកនៅលើសំណាញ់ដែក ដែលមានចម្ងាយពីដំបូលមន្ទីរពេទ្យប្រហែល ៩ម៉ែត្រ។ ទារកក៏ត្រូវបានគេនាំមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
Pankaj Katiyar ដែលជាសន្តិសុខរបស់មន្ទីរពេទ្យ ឱ្យដឹងថា “Anmol បានធ្លាក់ទៅលើសំណាញ់ដែក រងរបួសធ្ងន់។ សូមអរគុណព្រះ ដែលបានជួយមិនឱ្យក្មេងនេះធ្លាក់ទៅលើដី”។
នៅពេលគេមើលកាមេរ៉ាសុវត្ថិភាព នគរបាលបានរកឃើញថា Sarita Devi បានរុំទារកដែលជាក្មួយរបស់ខ្លួនជាមួយនឹងកន្សែង ហើយដើរទៅក្បែរដំបូលអាគារនៅវេលាម៉ោង ៣និង៣០នាទី ក្រោយមក នាងវិលត្រឡប់មកវិញដោយកន្សែទទេ។

ទារក Anmol កំពុងត្រូវបានសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរកឃើញធ្លាក់លើសំណាញ់ដែក
នាង Sarita Devi ត្រូវបានចាប់ខ្លួន និងបានសារភាពថា ខ្លួនបានបង្កើតកូនស្រីចំនួន ៣នាក់ ហើយមិនមានកូនប្រុស ដោយសារប្រការនេះហើយ ធ្វើឱ្យនាងច្រណែន ក្រោយមកក៏សម្រេចចិត្តទម្លាក់ក្មួយបង្កើតរបស់ខ្លួនពីលើអាគារមន្ទីរពេទ្យ៕
ប្រែសម្រួល ៖ តារាប្រភព ៖ Times of India