ម៉ូស្គូៈ រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្វែងរកដំណោះ ស្រាយឆ្លើយតបនឹងការបាញ់ សាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះ។ នេះបើយោង តាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ នេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ូស្គូ នឹង ព្យាយាមឲ្យអស់ពីសមត្ថភាពធ្វើការក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

អ្នកនាំពាក្យម្នាក់ឈ្មោះ Alexander Lukashevich បាននិយាយថា ទោះបីជាយ៉ាងណាក្តីពុំមានការដាក់ទណ្ឌកម្ម ថ្មីណាមួយទៅលើការបាញ់សាកល្បងចុងក្រោយ របស់កូរ៉េខាងជើងឡើយ។ រហូតមកទល់ពេលនេះ យើងពុំទាន់ បានឃើញនូវអត្ថបទ ឬសំណើក្នុងការបន្ថែមសម្ពាធទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅឡើយ។

លោកបានបន្តថា ក្នុងស្ថានភាពនេះដែរប្រទេស រុស្ស៊ី បានច្រានចោលនូវរាល់វិធានការណ៍ នៃការបន្ថែមកម្លាំង យោធាទៅលើឧបទ្វីបកូរ៉េជាដាច់ខាត។ គួរបញ្ជាក់ថាកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអែររបស់ខ្លួន កាលពីថ្ងៃអង្គារ កន្លងទៅនេះ បើទោះបីជាមានការប្រឆាំងពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល