អ្វីៗទាំងអស់សុទ្ធតែបានកើនឡើង ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺតម្លៃភាគហ៊ុនត្រូវធ្លាក់ចុះខ្លាំង។
Facebook ទើបតែបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ ២០១៦ ជាមួយនឹងតួលេខល្អៗ ដែលអាចឆ្លើយតបទៅនឹងក្ដីសង្ឃឹមរបស់អ្នកវិនិយោគ។ ខាងក្រោមនេះគឺជាតួលេខគួរចាប់អារម្មណ៍ក្នុងរបាយការណ៍នេះ។

តារាងប្រាក់ចំណូល

តារាងអ្នកប្រើប្រាស់សកម្មប្រចាំខែ

តារាងអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ
ប្រាក់ចំណូល ៖ ៧,០១ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងការរំពឹងទុក (៦,៩២ពាន់លាន) កើនឡើង៥៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០១៥។
ប្រាក់ចំណេញ ៖ ២,៣៨ពាន់លានដុល្លារអាមេរិក កើនឡើង ១៦០% ធៀបនឹងត្រីមាសទី៣ ឆ្នាំទៅ។
អ្នកប្រើប្រាស់សកម្មប្រចាំខែ ៖ ១,៧៩ពាន់លាន (ការរំពឹងទុក ១,៧៦ពាន់លាន) កើនឡើន ១៦%ធៀបនឹងត្រីមាសទី៣ ក្នុងឆ្នាំ ២០១៥។
អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ៖ ១,១៨ពាន់លាន (ការរំពឹងទុក ១,១៦ពាន់លាន) កើនឡើង ១៧% ធៀបនឹងត្រីមាសទី៣ ឆ្នាំមុន។
Facebook ទាក់ទាញបានអ្នកប្រើប្រាស់ចំនួន ៨០លាននាក់ក្នុងមួយខែ ត្រឹមតែក្នុងត្រីមាសទី៣ ហើយនេះគឺជាលើកដំបូងដែល Facebook មានអ្នកប្រើប្រាស់តាមទូរស័ព្ទច្រើនជាង១ពាន់លាននាក់។ ដូច្នេះ ផ្នែកផ្សាយពាណិជ្ជកម្ម mobile បានឡើងដល់ ៥,៧ពាន់លានដុល្លារ ស្មើនឹង ៨៤% ក្នុងចំណោមប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្ម តួលេខនេះកាលពីឆ្នាំទៅគឺ ៧៤%។
ក៏ប៉ុន្តែ បន្ទាប់ពីបានបញ្ចេញរបាយការណ៍នេះ តម្លៃភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះ ៧,៦% ព្រោះតែពួកគេបាននិយាយថា ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានឡើងដល់ចំនុចកំពូល (មិនអាចកើនឡើងបន្ថែមទៀត) ដូច្នេះ ប្រាក់ចំណូលអាចនឹងត្រូវធា្លក់ចុះក្នុងពេលអនាគត។ ជាក់ស្ដែង លោក David Wehner អគ្គនាយកហិរញ្ញវត្ថុរបស់ Facebook បានឱ្យដឹងថា ៖ “បច្ចុប្បន្ន Facebook លែងមានកន្លែងសម្រាប់ការផ្សាយពាណិជ្ជកម្ម ដូច្នេះហើយ ពេលនេះ យើងមិនអាចបង្កើនចំនួនការផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់។ បែបនេះ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មក្នុងពេលខាងមុខ នឹងធ្លាក់ចុះតាមធម្មតា”។

លោក Mark Zuckerberg
យ៉ាងនេះក្ដី លោក Mark Zuckerberg បានឱ្យដឹងថា លោកសប្បាយចិត្តណាស់ ព្រោះក្រុមហ៊ុនបានជោគជ័យខ្លាំងក្នុងត្រីមាសនេះ៕
ប្រែសម្រួល ៖ តារាប្រភព ៖ businessinsider