អាចម៍ផ្កាយមួយដុំយ៉ាងធំ ទម្ងន់ ៣០.៨០០គីឡូក្រាម ទើបតែត្រូវបានគាស់កកាយ និងស្ទូចចេញពីដី កាលពីចុងសប្ដាហ៍កន្លងទៅ។ អ្នកជំនាញការប្រកាសថា នេះគឺជាដុំអាចម៍ផ្កាយធំបំផុតមួយដែលមនុស្សបានរកឃើញនៅលើផែនដី។

ការរកឃើញ និងការជីកកកាយខាងលើនេះ ត្រូវបានធ្វើឡើងនៅតំបន់ព្រំប្រទល់របស់ Chaco ដែលមានចម្ងាយពី Buenos Aires ប្រហែល ១.០៧៨គីឡូម៉ែត្រទៅទិសខាងពាយព្យ។ វាត្រូវបានគេជឿថា ជាផ្នែកមួយនៃភ្លៀងអាចម៍ផ្កាយដែលកើតឡើងកាលពីប្រហែល ៤.០០០ឆ្នាំមុន។
ជាមួយនឹងទម្ងន់ជាង ៣០តោននេះ បានបណ្ដាលឱ្យមានការជជែកប្រកែកគ្នាអំពីថាតើនេះពិតជាអាចម៍ផ្កាយធំបំផុតទីពីរនៅលើផែនដី ឬយ៉ាងណា។ ប៉ុន្តែនៅចំពោះមុខ គឺនៅមានការពិសោធជាច្រើនដែលត្រូវធ្វើ ដើម្បីឱ្យដឹងអំពីប្រការនេះ។
អាចម៍ផ្កាយធំបំផុតទីមួយនៅលើផែនដីគឺអាចម៍ផ្កាយ Hoba ដែលមានទម្ងន់ ៦៦តោន។ វាត្រូវបានរកឃើញនៅ Namibia កាលពីជិតមួយសតវត្សរ៍មុន។

អាចម៍ផ្កាយ Hoba ត្រូវបានគេជឿថា បានធ្លាក់មកបុកផែនដី កាលពីប្រហែល ៨០.០០០ឆ្នាំមុនហើយអាយុរបស់អាចម៍ផ្កាយនេះ ត្រូវបានគេគន់គូរឃើញថា មានអាយុប្រហែល ១៩០លាន ដល់ ៤១០លានឆ្នាំ។
ចំណែកអាចម៍ផ្កាយធំបំផុតទីពីរនៅលើពិភពលោក គឺមានឈ្មោះថា El Chaco ទម្ងន់ ៣៧តោន ត្រូវបានរកឃើញនៅតំបន់ដូចគ្នានឹងអាចម៍ផ្កាយដែលទើបរកឃើញនៅអាហ្សង់ទីន។
បច្ចុប្បន្ន ក្រុមអ្នកជំនាញត្រូវការពិនិត្យឱ្យបានច្បាស់អំពីទម្ងន់របស់អាចម៍ផ្កាយដែលទើបនឹងរកឃើញ ដែលមានឈ្មោះថា Gancedo។ Mario Vesconi ប្រធានសមាគមតារាសាស្ដ្ររបស់ Chaco ថ្លែងប្រាប់សារព័ត៌មាន Xinhua ថា “បើទោះយើងបានរកឃើញថា អាចម៍ផ្កាយនេះមានទម្ងន់បែបនេះ ប៉ុន្តែ ពុំមានអ្នកណាស្មានដល់ថា វាមានទម្ងន់ដល់ ៣០តោន។ ទំហំ និងទម្ងន់របស់អាចម៍ផ្កាយធ្វើឱ្យយើងខ្ញុំមានការភ្ញាក់ផ្អើល”។
អាចម៍ផ្កាយយក្សនេះ ត្រូវបានរកឃើញ និងជីកកកាយនៅ Campo del Cielo ជាតំបន់ព្រំប្រទល់រវាង Chaco និង Santiago del Estero របស់ប្រទេសអាហ្សង់ទីន៕
ប្រែសម្រួល ៖ តារាប្រភព ៖ dailymail