ករណីបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារជាបន្តបន្ទាប់ នៅឯព្រលានយន្តហោះ Ataturk នាក្រុង Istanbul កាលពីម្សិលមិញ សម្លាប់មនុស្សយ៉ាងតិច ៣៦នាក់។
ទំព័រ AFP ដកស្រង់សំដីអាជ្ញាធរឱ្យដឹងថា ក្រុមជនល្មើស បានបាញ់ប្រហារទៅលើសន្ដិសុខព្រលានយន្តហោះ មុនពេលពួកគេចុចបំផ្ទុះគ្រាប់បែកអត្តឃាត។

មន្ដ្រីទួគីនិយាយថា យ៉ាងហោច មានអ្នកស្លាប់ចំនួន ៣៦នាក់ និងអ្នករងរបួសចំនួនជាង ១៥០នាក់។ ទូរទស្សន៍ NTV ឱ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ដោយសារអំពើភេរវកម្មនេះ គឺជាជនជាតិទួគី ហើយមួយចំនួនទៀត គឺជាជនបរទេស។
សាក្សីបាននិយាយថា ភាពច្របូកច្របល់បានកើតឡើងនៅកន្លែងកើតហេតុ។ រូបភាពនៅលើបណ្ដាញសង្គម ក៏បានបង្ហាញថា អ្នកដំណើរដេកដួលនៅលើឥដ្ឋ និងមានកាំភ្លើង AK-47 បង្ហាញខ្លួន ក្រោយពីអំពើភេរវកម្មបានកើតឡើង។
សាក្បីម្នាក់បានប្រាប់ CNN-Turk ថា “ការបំផ្ទុះគ្រាប់បែកនេះ លាន់លឺសូខ្លាំង មនុស្សរាល់គ្នាភ័យខ្លាច រត់រប៉ាត់រប៉ាយ។
Paul Roos អាយុ ៧៧ឆ្នាំ ឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារទៅលើមនុស្សដែលនៅពីមុខវា។ វាពាក់ឈុតខ្មៅ មិនបិទមុខនោះទេ។ Paul Roos បន្តថា “យើងខ្ញុំបានជ្រោកខាងក្រោយកន្លែងប្រមូលប្រាក់។ ខ្ញុំក្រោកឈរដើម្បីមើល ក៏ស្រាប់តែលឺសម្លេងផ្ទុះបន្តបន្ទាប់”។

នគរបាលបានប្រើរបងព័ទ្ធជុំវិញកន្លែងកើតហេតុ ខណៈដែលមានរថយន្តរាប់សិបគ្រឿងកំពុងដឹកអ្នករបួសទៅមន្ទីរពេទ្យ។
ទំព័រ Dogan ដកស្រង់ប្រភពពីនគរបាលឱ្យដឹងថា ករណីនេះ អាចទាក់ទឹននឹងក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែ ក្រុមមន្ដ្រីទួគីយល់ថា គេមិនទាន់សន្និដ្ឋានបាននៅឡើយ។
ប្រែសម្រួល ៖ បុត្រា