គំនិតស្ដីអំពីការសាងសង់ផ្ទះទឹកកកដែលអាចការពារអ្នកអវកាសពីកំដៅ និងវិទ្យុសកម្មអវកាសនៅលើភពព្រះអង្គារ ទើបត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្ររបស់ទីភ្នាក់អវកាសអាមេរិក (NASA) ប្រកាសឱ្យដឹង។

ផ្ទះទឹកកកនៅលើភពព្រះអង្គារ អាចនឹងមានរូបរាងបែបនេះ
ក្រុមអ្នកវិទ្យាសាស្ដ្រនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Langley របស់ NASA ទើបតែបង្ហើបឱ្យដឹងអំពីការសាងសង់ផ្ទះទឹកកកនៅលើភពព្រះអង្គារ នេះបើតាមទំព័រ Nature World News។ ផ្ទះទឹកកកគឺជាផ្ទះដែលមានដំបូលមូលត្រូវបានបាញ់ខ្យល់បំប៉ោង និងគ្របដណ្ដប់ដោយទឹកកកក្រាស់ដើម្បីធ្វើជាទីស្នាក់នៅ និងធ្វើការរបស់ក្រុមអវកាសចរ។
គោលដៅរបស់គំនិតនេះគឺដើម្បីការពារអ្នកអវកាសនៅចំពោះមុខវិទ្យុសកម្មពីអវកាស។ វិទ្យុសកម្មនេះអាចធ្វើឱ្យអ្នកអវកាសជួបបញ្ហាសុខភាព ដូចជាកើតមហារីក។ល។
Sheila Ann Thibeault អ្នកវិទ្យាសាស្ដ្រ នៅមជ្ឈមណ្ឌល Langley ឱ្យដឹងថា ៖ “វត្ថុធាតុដែលគេយកមកសាងសង់ផ្ទះទឹកកក ត្រូវតែមានសមត្ថភាពទប់ទល់នឹងបរិស្ថានអាក្រក់នៅលើភពព្រះអង្គារ រួមមានកាំរស្មី UV វិទ្យុសកម្ម ក៏ដូចជាព្យុះធូលី ក្នុងរយៈពេលច្រើនឆ្នាំ”។
អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ផ្ទះទឹកកកដែលមានគ្រោងឆ្អឹងស្រាល ងាយស្រួលដំឡើង និងអាចប្រើប្រាស់ទឹកនៅលើភពនេះបាន គឺជាដំណោះស្រាយដ៏ល្អសម្រាប់ផ្ទះនៅលើភពក្រហមនេះ។
ក្រុមអ្នកវិទ្យាសាស្ដ្រថ្លែងថា ៖ “គំនិតស្ដីអំពីការសាងសង់ផ្ទះនៅលើភពព្រះអង្គារគឺមានចំនុចវិជ្ជមានច្រើន។ វាស្រាល និងអាចដឹកជញ្ជូន ក៏ដូចជាអាចដំឡើងដោយរ៉ូបូត។ ផ្ទះនេះនឹងត្រូវបានសាងសង់រួចរាល់ មុននឹងក្រុមអ្នកអវកាសទៅដល់”៕
ប្រែសម្រួល ៖ តារាប្រភព ៖ ABC