ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក អភិវឌ្ឍឧបករណ៍ស្វែងរកអាស៊ីតអាមីណូ (Amino Acids) ដើម្បីប្រមាញ់មនុស្សភពផ្កាយ។

/

ឧបករណ៍​ស្វែងរក​អាស៊ីតអាមីណូ មានសារសំខាន់ក្នុងការ​តាមប្រមាញ់​មនុស្សភព​ផ្កាយ

ក្រុមអ្នកវិទ្យាសាស្ដ្រមកពីមន្ទីរបច្ចេកវិទ្យា California អាមេរិក បានបង្កើតឧបករណ៍ថ្មី អាចស្វែងរកសញ្ញានៃជីវិតនៅខាងក្រៅផែនដី ដែលត្រូវបានគេអះអាងថា មានសមត្ថភាពខ្ពស់ជាង បណ្ដាឧបករណ៍ដែលត្រូវបានប្រើក្នុងអវកាសកន្លងមក។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី ACS Analytical Chemistry កាលពីខែធ្នូ ឆ្នាំ ២០១៦ នេះបើតាម Knowridge។

ក្រុមអ្នកវិទ្យាសាស្ដ្របានអភិវឌ្ឍវិធីពិសោធលើវត្ថុគំរូ ដោយយោងទៅលើបច្ចេកទេស Capillary Electropherosis – CE។ បច្ចេកទេសនេះ អនុញ្ញាតឱ្យគេដឹងអំពីវត្តមានរបស់អាស៊ីតអាមីណូចំនួន១៧ ក្នុងពេលតែមួយ។ អាស៊ីតអាមីណូ គឺជាសមាសធាតុសំខាន់ក្នុងការបង្កើតមនុស្ស និងសត្វនៅលើផែនដី។ វត្តមានរបស់ អាស៊ីតអាមីណូ បញ្ជាក់ថា មានជីវិតក្នុងពេលបច្ចុប្បន្ន ឬកាលពីមុន នៅលើព្រះចន្ទ ភពព្រះអង្គារ និងបណ្ដាកូនភពផ្សេងៗ។

ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើ បានទទួលជោគជ័យក្នុងការពិសោធវិធីខាងលើ នៅពេលវិភាគវត្ថុគំរូដែលយកពីបឹង Mono ក្នុងរដ្ឋ California អាមេរិក។ នេះគឺជាបឹងទឹកប្រៃ មានផ្ទុកអំបិលដូចទៅនឹងភពព្រះអង្គារ និងព្រះចន្ទមួយចំនួនក្នុងប្រព័ន្ធព្រះអាទិត្យ។

យោងតាមគេហទំព័រ Irish News វិធី CE នឹងត្រូវបានប្រើក្នុងបេសកកម្មអវកាសក្នុងពេលអនាគត ដើម្បីសិក្សាស្រាវជ្រាវទៅលើព្រះចន្ទ Enceladus របស់ភពសៅរ៍ និងព្រះចន្ទ Europa របស់ភពព្រហស្បតិ៍។

ការតាមរកមនុស្សភពផ្កាយ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ដ្រ និងមនុស្សទូទៅក្នុងពេលកន្លង។ កែវយឹតអវកាស រ៉ូបូតដំណើរការស្វ័យប្រវត្ត គឺជាវិធីពីរក្នុងចំណោមមធ្យោបាយសំខាន់ក្នុងការស្វែងរកមនុស្សភពផ្កាយ៕

ប្រែសម្រួល ៖ តារាប្រភព ៖ scienceworldreport