ក្រោយរយៈពេល 9,5ឆ្នាំ នៃការហោះហើរក្នុងអវកាស ដែលបានឆ្លងកាត់រយៈចម្ងាយជិត 5 ពាន់លានគីឡូម៉ែត្រ យានអវកាស New Horizons របស់ទីភ្នាក់ងារអវកាសអាមេរិក ជិតចូលក្បែរកូនភព ភ្លុយតុង (Pluto)។

ដោយត្រូវបានបាញ់បង្ហោះទៅកាន់លំហអវកាស កាលពីវេលាម៉ោង 19 យប់ ម៉ោងក្នុងស្រុក ថ្ងៃទី 19 មករា ឆ្នាំ 2006 យានអវកាស New Horizons បាន និងកំពុងស្រាវជ្រាវទៅលើកូនភពភ្លុយតុង និង Charon ដែលជាព្រះចន្ទធំបំផុតរបស់វា ក្នុងចំណោមព្រះចន្ទចំនួន 5 រួមមាន Charon, Nix, Styx, Hydra និង Kerberos។
គួររំលឹកថា កាលពីទើបត្រូវបានបាញ់បង្ហោះ New Horizons គឺជាយានអវកាសដែលមានល្បឿនលឿនបំផុត ប៉ុន្តែ បច្ចុប្បន្ន Voyager 1 គឺជាយានដែលហោះហើរបានលឿនជាងគេ ពោលគឺហោះបាន 62.000គីឡូម៉ែត្រ/ម៉ោង។
តាមគម្រោង នៅវេលាម៉ោង 11:49 នាទីព្រឹកនេះ New Horizons នឹងមកដល់កូនភពភ្លុយតុង ដោយហោះពីលើប្រមាណ 12.500គីឡូម៉ែត្រ ក្នុងល្បឿន 50.000គីឡូម៉ែត្រ/ម៉ោង។ តួនាទីរបស់យានអវកាសនេះ គឺប្រមូលទិន្នន័យនៃភពនេះ និងបណ្ដាព្រះចន្ទដែលហោះជុំវិញវា ដើម្បីអាចឱ្យមនុស្សធ្វើការសិក្សាស្រាវជ្រាវលំអិត អំពីអាយុកាល រចនាសម្ព័ន កំដៅ និងបរិយាកាសរបស់ពួកវា។ល។
NASA ឱ្យដឹងថា រូបថតដំបូងរបស់ភ្លុយតុង ដែល New Horizons ថតបាន នឹងត្រូវបានប្រកាសបង្ហាញ នាថ្ងៃថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រសប្ដាហ៍នេះ។ Alan Stern អ្នកទទួលខុសត្រូវធំក្នុងគម្រោង New Horizons ថ្លែងថា យានអវកាសនេះ ត្រូវការរយៈពេល មួយឆ្នាំដើម្បីប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយអំពភពនេះ មុនពេលវាបំពេញតួនាទីផ្សេងទៀត។ ឆ្នាំ2016 យានអវកាសនេះនឹងបញ្ចប់បេសកកម្មរបស់ខ្លួន៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ nbcnews