បុរសម្នាក់​អាយុ ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួនព្រោះសង្ស័យ​ថា​ បាន​ប្រើប្រាស់​ទាសករសម័យ​ថ្មី​ នៅពេល​បុរស​ ៨​នាក់ ស្ដ្រី​មា្នក់ និង​ក្មេង​ម្នាក់ ត្រូវបានរកឃើញ​នៅក្នុង​ឃ្លាំង​។

យោងតាមទំព័រ dailymail នគរបាល​ និង​កងកម្លាំងពន្លត់អគ្គីភ័យ បាន​ឆ្មក់​ចូល​ទីតាំងដែលបាន​កំណត់ បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​អំពី​សកម្មភាព​គួរ​សង្ស័យ​ នៅ Coventry, West Midlands ប្រទេស​អង់គ្លេស កាលពីយប់ថ្ងៃទី ២៨សីហា​។

/

នគរបាល​បាន​ឆ្មក់ចូល​ទីតាំងមួយ​នៅក្នុងតំបន់ West Midlands  

អ្នកនាំពាក្យ​នគរបាល​នៅ West Midlands ឱ្យដឹងថា “នគរបាល​បានចូលដល់​ក្នុងឃ្លាំងមួយដែលមានមនុស្ស ១០នាក់ ក្នុងនោះមាន ​បុរស ៨នាក់ ស្ដ្រីម្នាក់ និង​ក្មេងម្នាក់។ មនុស្សទាំងនេះ ត្រូវបានការពារ​សន្ដិសុខ ចំណែក​បុរស​វ័យ ៣៩ឆ្នាំ​ ត្រូវបាន​ចាប់ខ្លួន​ ដោយសង្ស័យថា បានប្រើប្រាស់​ទាសចរសម័យ​ថ្មី”។

ជនសង្ស័យ គឺជាជនជាតិ​ស្រីលង្កា រស់នៅ​ក្នុងតំបន់ Northampton ប្រទេស​អង់គ្លេស។ ក្នុងចំណោម​អ្នកដែល​ត្រូវបាន​ជួយ​សង្គ្រោះ មាន​បីនាក់​ជាជនជាតិស្រីលង្កា បីនាក់​ជាជនជាតិ រ៉ូម៉ានី និង​ម្នាក់​ជាជនជាតិ ប៊ូលហ្គារី។ ចំណែក​ក្មេង​ម្នាក់​ទៀត គេ​នៅមិនទាន់​ស្គាល់អត្តសញ្ញាណនៅឡើយ។

កាល​ពី​ខែមុន នាយករដ្ឋមន្ត្រី​អង់គ្លេស​ Theresa May បាន​អធិប្បាយថា ទាសករ​សម័យ​ថ្មី គឺជា​អំពើឧក្រិដ្ឋ​ដ៏ព្រៃផ្សៃ។ រីឯ​អង្គការ​មនុស្ស​ធម៌ Salvation Army បាន​ឱ្យដឹងថា ពួកគេ​ទទួលបាន​លិខិត​ចោទប្រកាន់​ទាក់ទឹននឹង​បញ្ហា​ទាសករ​ចំនួន ១.៨០៥​ ករណី ចាប់ពីខែមេសា​ ឆ្នាំ ២០១៥ ដល់​ខែ​មិនា ឆ្នាំ ២០១៦៕

ប្រែសម្រួល ៖ តារា ប្រភព ៖ dailymail