ព័ត៌មានជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រក្នុងស្រុកនាវេលាព្រឹកនេះ បានអោយដឹងថា ការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានបើកសម្ពោធជាផ្លូវការហើយនាវេលាព្រឹកមិញនេះ ក្រោមអធិបតី សម្តេចអគ្គមហាសេនាបតី តោជោហ៊ុន សែន នៅវេលាម៉ោង ៧ និង ៣៩ នាទីព្រឹក ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ខណៈពេលដែលស្ពានអាកាសស្ទឹងមានជ័យនេះ គឺជាស្ពានអាកាសទី ៣ នៅក្នុងរាជធានីភ្នំពេញ។


របាយការណ៍ដដែលនេះ បានបន្ថែមថា មុននឹងអង្គពិធីចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន មន្រ្តី នៃរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីទាំងអស់ បាននាំគ្នាស្មឹងស្មាធិ៍គោរពដល់ព្រះវិញ្ញាណ ក្ខន្ធព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរផងដែរ។
យោងតាមការសិក្សារបស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ ក្រុមហ៊ុន OCIC និង ក្រុមហ៊ុន ស៊ីណូប៉ាស៊ីហ្វិក បានរកឃើញនូវដំណោះស្រាយមួយដ៏ប្រសើរ ក្នុងចំណោមជំរើសចំនួន៦ ដោយសាងសង់ ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្បែរស្តុបស្ទឹងមានជ័យ ដែលជាចំណុចប្រសព្វស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន និង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ស្ពានអាកាសស្ទឹងមានជ័យ ដែលជាស្ពានទី៣នេះ នឹង ត្រូវគេធ្វើឡើងមានសណ្ឋាន និងរូបរាង ដូចជា សត្វមេអំបៅ ដែលកំពុងតែត្រដាងស្លាបហើរពោលគឺមាន ស្ពានទាំងអស់ចំនួន៥ ក្នុងនោះមានស្ពាន មេចំនួន២ ស្ពានបែកខ្នែងចំនួន១ និងស្ពានឆ្លងកាត់ប្រឡាយ ស្ទឹងមានជ័យចំនួន២។

ស្ពានអាកាសនេះ ដែលត្រូវបានសិក្សាប្លង់មេ រួចរាល់នេះ មានលក្ខណៈបច្ចេកទេសដូចខាងក្រោម៖ - សាងសង់ស្ពានអាកាសធំ ពីបេតុងអារមេស្របពីលើផ្លូវលេខ ២៧១ ត្រង់ចំណុចភ្លើងស្តុប មានទទឹង ១៤,៨០ម៉ែត្រ សម្រាប់ចរាចរណ៍ទ្វេទិស ដោយមាន ០២ខ្សែទៅ និង០២ខ្សែមក - សាងសង់ស្ពានអាកាសតូចពីរឯកទិស ពីបេតុងអារមេមាន ទទឹង៦,៥០ម៉ែត្រ និងសាងសង់ស្ពានបេតុងមួយទៀតជំនួសស្ពានបាឡេ ដែលមានទទឹង ៨ម៉ែត្រ - អ៊ុតកៅស៊ូអមសងខាងស្ពាន ទទឹងពី ៥,៥០ម៉ែត្រ ទៅ៧ម៉ែត្រ និងចិញ្ចើម ៣ម៉ែត្រ - កម្ពស់សុវត្ថិភាពក្រោមស្ពាន ៥,២០ម៉ែត្រ - ក្រៅពីនេះការស្ថាបនាលូ ច្រាំងបេតុងប្រឡាយជើងទេរ សួនច្បារ ខឿនបែងចែកទ្រូងស្ពានដំឡើងបង្គោលភ្លើង លាបគំនូសចរាចរណ៍ ដាក់ស្លាកចរាចរណ៍ជាដើម។
ប្រតិបត្តិការស្ថាបនានឹងបែងចែកជា ២ដំណាក់កាល ដែលក្នុងនោះមាន៖ - ដំណាក់កាលទី១ ៖ សាងសង់ស្ពានអាកាសមេ ០២ ស្ពានរូងក្រោមដី ០១
- ដំណាក់កាលទី២ ៖ សាងសង់ស្ពានបែកខ្នែងចំនួន ០១ និងស្ពានឆ្លងកាត់ប្រឡាយចំនួន ០២។
ស្ពានអាកាសស្ទឹងមានជ័យនេះ នឹងត្រូវចំណាយពេលសាងសង់ ២៨ ខែ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០ ១២ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ដោយចំណាយថវិកាសាងសង់១៩លានដុល្លារដំណើរការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា របស់លោក ពង្ស ឈីវសែ(OCIC)។
ក្រោយការសាងសង់រួចគេសង្ឃឹមថា ស្ពានអាកាសស្ទឹងមានជ័យ អាចដោះស្រាយបានការកកស្ទះចរាចរ ជាពិសេសលំហូរមធ្យោបាយ ធ្វើដំណើរពីខេត្តកណ្តាល និងខេត្តតាកែវ មកកាន់ភាគកណ្តាល រាជធានី ភ្នំពេញ បាន ១០០ភាគរយ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ dap