/

(ចិន)៖ មហាអំណាចចិននៅក្នុងឆ្នាំ២០១៦ នេះសម្រេចបាននូវសមិទ្ធផលនៃបច្ចេកវិទ្យាក៏ដូចជាវិទ្យាសាស្រ្តដ៏កក្រើកជាច្រើនដែលបានធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងប្រទេសមហាយក្សមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។

ខាងក្រោមគឺជាបច្ចេកវិទ្យាដ៏កក្រើកទាំង ១២ ដែលប្រទេសចិនសម្រេចបាននៅក្នុងឆ្នាំ២០១៦នេះ៖១៖ យន្តហោះចម្បាំង J-20៖ យន្តហោះចម្បាំង J-20 ត្រូវបានបង្ហាញខ្លួនជាផ្លូវការលើកដំបូងនៅក្នុងពិព័រណ៌អវកាស និងអាកាសចរណ៍អន្តរជាតិចិនលើកទី១១ ហើយវាត្រូវបានផលិតឡើងដោយប្រទេសចិនផ្ទាល់សុទ្ធសាធ និងមានសមត្ថភាពស្មើទៅនឹងយន្តហោះចម្បាំងប្រភេទ F-22 របស់សហរដ្ឋអាមេរិក ដែលអាចបំបាំងខ្លួនចេញពីប្រព័ន្ធរ៉ាដាបាន។

width=730

២៖ រថភ្លើងដើរដោយថ្មអគ្គិសនី៖ គុណសម្បត្តិរបស់រថភ្លើងដែលដំណើរការដោយថ្មសាកដែលចិនផលិតឡើងនេះ គឺវាធ្វើប្រតិបត្តិការ ដោយស្ងៀមស្ងាត់និងគ្មានការបំពុលបរិស្ថាន ដោយសារតែរថភ្លើងប្រភេទនេះពុំបានប្រើប្រាស់ ប្រេងឥន្ទនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ឬក៏ប្រេងសាំងដែលបញ្ចេញផ្សែកខ្វក់ និងមិនត្រូវការផ្លូវដែកដែលមានហេដ្ឋរចនាសម្ព័ន្ធតម្លៃថ្លៃនោះឡើយ។

width=730

៣៖ ចានផ្កាយរណបដ៏ធំជាងគេបំផុត៖ វាមានឈ្មោះថា FAST (Aperture Spherical Telescope) និងធំជាងបង្អស់នៅលើពិភពលោក ដោយមានអង្កត់ផ្ចិតដល់ទៅ ៥០០ម៉ែត្រ។ FAST ដែលត្រូវបានផលិតឡើងដោយជោគជ័យកាលពីខែកក្កដា កន្លងទៅនេះ ជាមួយនិងទឹកប្រាក់ចំនួន ១៨០លានដុល្លារអាមេរិក មានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣០បញ្ចូលគ្នា និងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងតំបន់ Pingtang នៃខេត្ត Guizhou ភាគនិរតីប្រទេសចិន ហើយត្រូវបានគេហៅថា «កែវភ្នែកនៃឋានសួគ៌របស់ចិន»។ តួនាទីរបស់ FAST រួមមានធ្វើការស្ទាបស្ទង់ទៅលើសារធាតុ Neutral Hydrogen នៅក្នុងលំហអាកាស, ឃ្លាំមើលភពផ្កាយ, និងតាមដានក៏ដូចជាធ្វើការទាក់ទងជាមួយយានអវកាសរបស់ចិន។

width=730

៤៖ ដំណើរទៅកាន់ទីពិសោធន៍អវកាស Tiangong-2៖ ចិនបានបញ្ជូនអវកាសយានិករបស់ខ្លួនចំនួនពីររូប តាមរយៈយានអវកាស Shenzhou-11 កាលពីថ្ងៃទី១៧ ខែតុលា និងបានធ្វើដំណើរដោយជោគជ័យទៅដល់មន្ទីរពិសោធន៍អវកាសដំបូងបំផុតរបស់ចិនឈ្មោះថា Tiangong-2 នៅរយៈពេលពីរថ្ងៃក្រោយ ហើយអ្នកទាំងពីរបានចំណាយពេល ៣០ថ្ងៃរស់នៅទីនោះ។ ក្រោយមកអវកាសយានិកទាំងពីររូប ដែលបានបំពេញបេសកកម្មលំហរកាសដោយមនុស្សយូរជាងគេបង្អស់នេះសម្រាប់ប្រទេសចិន បានវិលត្រឡប់មកកាន់ភពផែនដីវិញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា។

width=730

៥៖ យន្តហោះធុន AG-600៖ យន្តហោះដែលមានសមត្ថភាព ចុះចតលើផ្ទៃទឹកបានមួយនេះក៏ត្រូវបានដាក់ឲ្យបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍អវកាស និងអាកាសចរណ៍អន្តរជាតិចិនលើកទី១១ ផងដែរ និងជាយន្តហោះចុះលើទឹកប្រភេទថ្មី និងធំជាងគេបំផុតនៅលើពិភពលោក ដោយវាមានតួខ្លួនប្រវែង ៣៧ម៉ែត្រ និងប្រវែងពីចុងស្លាបម្ខាងទៅម្ខាងគឺ ៣៨.៨ម៉ែត្រ ហើយទំហំរបស់វាប្រហាក់ប្រហែលទៅនឹងយន្តហោះ Boeing 737 ឯណោះ ខណៈយន្តហោះប្រភេទ AG-600 នេះនឹងត្រូវប្រើប្រាស់ក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ, ការល្បាតដែនសមុទ្រ, ការផ្គត់ផ្គង់យោធា, ក៏ដូចជាការពន្លត់អគ្គិភ័យភ្លើងឆេះព្រៃ។

width=730

៦៖ ផ្លូវរថភ្លើងល្បឿនលឿនដ៏វែង៖ ផ្លូវដែកដ៏វែងសម្រាប់រថភ្លើងល្បឿនលឿនដែលប្រវែងដល់ទៅជាង២០,០០០គីឡូម៉ែត្រត្រូវបានតភ្ជាប់ពីទីក្រុង Nanning នៃតំបន់ស្វយ័ត Guangxi Zhuang ទៅកាន់ទីក្រុង Guangzhou នៃខេត្ត Guangdong ប្រទេសចិន។ ផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងជួយបង្កើនការអភិវឌ្ឍសេដ្ចកិច្ចព្រមទាំងការធ្វើដំណើរនៅទូទាំងតំបន់ Guangxi និងតំបន់ភាគលិចនៃខេត្ត Guangdong។

width=730

៧៖ Drone៖ បច្ចុប្បន្នឧបករណ៍ដ្រូនត្រូវបានប្រជាជនចិន ប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការថតផ្តិតយករូបភាព, ការពន្លត់អគ្គិភ័យ, វិស័យកសិកម្ម, ការប្រើប្រាស់ផ្ទាល់ខ្លួន, និងការធ្វើពាណិជ្ជកម្មផ្សេងៗទៀត។ ខាងក្រោមនេះគឺជារូបភាពកសិករចិនប្រើប្រាស់ Drone ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃនៅលើចម្ការកប្បាសក្នុងភូមិ Zhaoshou នៃក្រុង Nangong ភាគខាងជើងខេត្ត Heibei ប្រទេសចិន។

width=730

៨៖ ការបង្ហោះយានអវកាស Shenzhou-11៖ ខាងក្រោមនេះជារូបភាពការបង្ហោះគ្រាប់រ៉ុកែ្កត Long March-2F ដើម្បីនាំយកយានអវកាស Shenzhou-11 ដែលផ្ទុកអវកាសយានិកចិនចំនួនពីរនាក់ធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពិសោធន៍ Tiangong-2 ចេញពីមជ្ឈមណ្ឌលបង្ហោះ ផ្កាយរណបក្នុងក្រុង Jiuquan ភាគពាយ័ព្យខេត្ត Gansu ប្រទេសចិន។

width=730

៩៖ ម៉ាស៊ីនកុំព្យូទ័រដ៏ខ្លាំងក្លា៖ ប្រព័ន្ធម៉ាស៊ីនកុំព្យូទ័ររបស់ចិនឈ្មោះថា Sunway-TaihuLight បានជាប់ជាកុំព្យូទ័រមានល្បឿនលឿនជាងគេបំផុតគ្មានគូប្រៀបនៅក្នុងសន្និសីទស្តីពីម៉ាស៊ីនកុំព្យូទ័រអន្តរជាតិ ដែលបានប្រារព្ធឡើងនៅឯប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។ Sunway-TaihuLight ត្រូវបានកសាងឡើងដោយប្រើប្រាស់បន្ទះឈីបប្រតិបត្តិការដែលរចនា និងផលិតនៅក្នុងប្រទេសចិនផ្ទាល់ ហើយវាមានសមត្ថភាពធ្វើការគណនាចំនួន៩៣លានពាន់លានដងក្នុងរយៈពេលត្រឹមមួយវិនាទីតែប៉ុណ្ណោះ។

width=730

១០៖ PandaX៖ គឺជាកម្មវិធីនៃការពិសោធន៍ទៅលើសារធាតុគីមី Xenon ដើម្បីស្វែងរកវត្តមានរូបធាតុមើលពុំឃើញហៅថា «Dark Matter» ដែលអ្នកវិទ្យាសាស្រ្តល្បីៗបានអះអាងថា គឺសមាធាតុផ្សំចម្បងដែលបង្កើតចេញជាចក្រវាឡយើងមក ហើយកម្មវិធី PandaX បានប្រព្រឹត្តទៅនៅក្នុងទីពិសោធន៍ក្រោមដី Jinping ដែលមានជម្រៅដ៏ជ្រៅបំផុតក្នុងផែនដី។

width=730

១១៖ រថយន្តដឹកទំនិញបើកបរដោយស្វ័យប្រវត្តិ៖ វាមានសមត្ថភាពធ្វើចរាចរណ៍ដោយខ្លួនឯងដោយគ្មានអ្នកបើកបរឡើយ ហើយវាគឺជារថយន្តដឹកទំនិញដ៏ទំនើបដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Foton Motor នៃទីក្រុងប៉េកាំង និងបានបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណយានយន្តដ៏ឆ្លាតវៃក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

width=730

១២៖ យានមុជទឹក Haidou-1៖ ខាងក្រោមនេះគឺជារូបភាពយានមុជទឹក Haidou-1 ដែលគ្មានមនុស្សបើករបស់ប្រទេសចិន កំពុងរៀបចំខ្លួនមុជចូលទៅក្នុងផ្ទៃសមុទ្រ Mariana Trench ដែលជាតំបន់ជ្រៅបំផុតលើលោកកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ហើយយានមួយនេះបានមុជទៅដល់ជម្រៅ ១០,៧៦៧ម៉ែត្រ ដែលជាកំណត់ត្រាថ្មីសម្រាប់ប្រទេសចិន៕

width=730

 

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង