ទីក្រុង​ប៊្រីសប៊ែនៈ ទឹក​ជំនន់​បោក​ បក់​ដូច​រលក​យក្ស​ស៊ូណាមិ​ ​បាន​តម្រង់​ទៅ​ក្រុង​ប៊្រីសប៊ែន​ ជា​ក្រុង​ធំ​បំផុត​ទី​បី​របស់​ប្រទេស​អូស្ត្រាលី​នៅ​​ថ្ងៃ​អង្គារ ទី ១១ ​មករា​នេះ បណ្តាល​ឲ្យ​មាន​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​តាម​តំបន់​ជាយៗ​ក្រុង មាន​ការ​ចេញ​សេចក្តី​ព្រមាន​អំពី​ទឹក​ជំនន់​សម្រាប់​សង្កាត់​ពាណិជ្ជ​កម្ម និង​ការ​ព្យាករ​ថា ចំនួន​ជន​រង​គ្រោះ​ស្លាប់​ អាច​នឹង​មាន​ច្រើន​ជាង​នេះ​ទៀត។

លោកស្រី អាណា ប្លីក អភិបាល​រដ្ឋ​ឃ្វីនឡែន​ បាន​ថ្លែង​ក្នុង​ក្រុង​ប្រ៊ីសប៊ែន​ដែល​មាន​ប្រជាជន ២ លាន​នាក់​ជាប់​កន្លែង​ប្រសព្វ​នៃ​ទន្លេ​ដ៏​ធំ​នឹង​​សមុទ្រ​ថា គ្រោះ​ទឹក​ជំនន់​ក្នុង​រដ្ឋ​ដែល​មាន​អាជីវកម្ម​យក​ធ្យូង​ថ្ម​នាំ​ចេញ​ អាក្រក់​បំផុត​ក្នុង​ពេល​កន្លះ​សតវត្សរ៍​នេះ ​បាន​ឆក់​យក​ជីវិត​មនុស្ស ១២ នាក់ តែ​ថា ចំនួន​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ថែម​ទៀត។

លោកស្រី​ប្លីក ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា៖​ �យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រៀម​ក្រំ និង​អស់​សង្ឃឹម�។ លោកស្រី​បន្ថែម​ថា ការ​គំរាម​ដោយ​ទឹក​ជំនន់​មក​លើ​ក្រុង​ប្រ៊ីសប៊ែន​នេះ​ នឹង​ឈាន​ដល់​ចំណុច​កំពូល​នៅ​ថ្ងៃ​ពុធ ឬ​ព្រហស្បតិ៍​ខាង​មុខ។

ក្នុង​ក្រុង​ធូហ៊្វូមបា​ជា​ក្រុង​មួយ​ស្ថិត​នៅ​ខាង​លិច​ក្រុង​ប្រ៊ីសប៊ែន មនុស្ស ៨ នាក់​បាន​ស្លាប់​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​នៅ​ពេល​ព្យុះ​ភ្លៀង​យ៉ាង​ធំ​មួយ​ បាន​បង្អុរ​ធ្លាក់​ធ្វើ​ឲ្យ​ទឹក​កើត​ជា​រលក​ធំៗ​កម្ពស់​ពីរ​ម៉ែត្រ​ជន់​លិច​ តាម​ដង​ផ្លូវ​នានា​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ហូរ​កួច​នាំ​យក​រថយន្ត និង​អ្នក​ដំណើរ​ថ្មើរ​ជើង​ជា​ច្រើន។

http://khmer.phnompenhpost.com/index...ion&Itemid=102