ក្រុមអ្នកវិទ្យាសាស្ដ្រ និងវិស្វករនៃសកលវិទ្យាល័យ Princeton បានអភិវឌ្ឍឧបករណ៍ដាក់នៅលើផែនដី និងត្រូវបានគេចាត់ទុកថាជាជំហានដ៏ធំមួយក្នុងការសិក្សាស្រាវជ្រាវទៅលើបណ្ដាភពនៅខាងក្រៅហ្គាឡាក់ស៊ីមីលគីវ៉េ (galaxy milky way) ដោយការវិភាគពន្លឺរបស់បណ្ដាភពដែលនៅសែនឆ្ងាយ។

ឧបករណ៍នេះ មានឈ្មោះថា CHARIS (Coronagraphic High Angular Resolution Imaging Spectrograph) ដែលត្រូវបានអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្ដ្ររបស់សាស្ដ្រាចារ្យ N. Jeremy Kasdin ជំនាញខាងវិស័យម៉ាស៊ីន និងអាកាសចរណ៍ អវកាសនៃសកលវិទ្យាល័យ Princeton។
ជាមួយនឹង ឡែនចំនួន៩ ប្រព័ន្ធចម្រាញ់រូបភាពចំនួន៥ ។ល។ CHARIS មានទម្ងន់ ២២៦,៨គីឡូក្រាម និងត្រូវការរក្សាក្នុងសីតុណ្ហភាព -២២៣,១៥អង្សា។
CHARIS មានសមត្ថភាពវិភាគទៅលើពន្លឺដែលចាំងពីបណ្ដាភពនៅក្នុងហ្គាឡាក់ស៊ីផ្សេង ដែលមុននេះគេមិនអាចធ្វើបាន ដោយសារតែភពទាំងនោះមានពន្លឺតិចជាងបើធៀបនឹងផ្កាយដែល នៅកណ្ដាលហ្គាឡាក់ស៊ីដែលពួកវាវិលជុំវិញ។
អ្នកវិទ្យាសាស្ដ្រ Tyler Groff បានបកស្រាយថា ៖ “ដោយការវិភាគទៅលើពន្លឺរបស់បណ្ដាភពនេះ យើងពិតជាអាចស្វែងយល់បន្ថែមអំពីពួកវា។ យើងអាចប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយដើម្បីបានដឹងអំពីទំហំ សីតុណ្ហភាព និងអាយុកាលរបស់ភព”។
ក្រុមអ្នកវិទ្យាសាស្ដ្របានទទួលជោគជ័យច្រើនក្នុងសិក្សាស្រាវជ្រាវទៅលើភពដែលនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដោយប្រើកែវយឹតអវកាស Kepler ។ ប៉ុន្តែ ក្រៅពីដឹងអំពីទីតាំងរបស់បណ្ដាភព អ្នកវិទ្យាសាស្ដ្រនៅតែមិនដឹងអ្វីច្រើនអំពីទិន្នន័យផ្សេងៗរបស់ភពទាំងនេះ។ ដូច្នេះ CHARIS ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ។
ជាមួយនឹងការបង្ហាញខ្លួនរបស់ CHARIS អ្នកវិទ្យាសាស្ដ្រអាចដឹងបាននូវសីតុណ្ហភាព ធាតុនានានៅក្នុងបរិយាកាស។ល។
មគម្រោង CHARIS នឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីខែកុម្ភៈខាងមុខ៕
ប្រែសម្រួល ៖ តារាប្រភព ៖ princeton/khoahoc