ទីក្រុងបាងកក៖ នាង នីតាន់ចា អាយុ ១៧ឆ្នាំ បានរំលោតកូនក្នុងផ្ទៃវ័យ ៥ខែដោយខ្លួនឯង ដោយបណ្តាលឲ្យហូរឈាមយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងប្រទេសគោរពព្រះពុទ្ធសាសនា ដែលការរំលោតកូន គឺជារឿងខុសច្បាប់ ហើយការពរពោះទាំងនៅយុវវ័យ នឹងត្រូវបានគេស្តីបន្ទោស ហេតុនេះ យុវវ័យថៃពុំមានជម្រើសដទៃទៀតឡើយ។
ដោយត្រូវឪពុករបស់ក្មេងនេះមិនទទួលស្គាល់ ហើយនាងមិនហ៊ានពិភាក្សាជាមួយឪពុកម្តាយរបស់នាងនោះ នាង នីតាន់ចា បានស្វែងរកមធ្យោបាយមួយនៅតាមអ៊ីនធើណិត ជាទីដែលមតិយោបល់នានា ត្រូវបានគេផ្តល់ឲ្យចាប់ពីលោកទម្លាក់ខ្លួនតាមកាំជណ្តើរ រហូតដល់ទៅគ្លីនិកខុសច្បាប់ និងលេបថ្នាំរំលោតកូនចោល។
បន្ទាប់ពីសន្សំប្រាក់រួមគ្នាជាច្រើនខែបាន ៥៣០០បាត (១៧៥ដុល្លារ) នាង នីតាន់ចា ដែលនៅពេលនោះទើបតែមានអាយុ ១៦ឆ្នាំនៅឡើយនោះ កាលពីឆ្នាំមុនបានប្រើប្រាស់ថ្នាំម្យ៉ាងប្រឆាំងផ្ទៃស្បួន ពីព្រោះឥទ្ធិពលរបស់ថ្នាំនោះ គឺបង្កឲ្យគភ៌រលួយ។
វាទទួលបានលទ្ធផលដូចបំណង ដោយនាងបានហូរឈាមយ៉ាងច្រើននៅក្នុងបន្ទប់ទឹកផ្ទះមិត្តប្រុស របស់នាង ហើយនាងត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
នាង នីតាន់ចា ដែលជាឈ្មោះអ្នកយកព័ត៌មានផ្តល់ឲ្យនោះ បាននិយាយថា៖ �ខ្ញុំគ្រាន់តែដឹងថា ខ្ញុំត្រូវតែយកកូននោះចេញ។ ខ្ញុំនឹងត្រូវទៅរៀនមហាវិទ្យាល័យ។ ខ្ញុំគឺជាសិស្សសាលាវិទ្យាល័យមួយរូប។ ខ្ញុំត្រូវតែមានអនាគត�។
ចាប់តាំងពីការរកឃើញនូវគភ៌ត្រូវបានគេវរំលោតចោលជាង ២០០០ យកចេញពីគ្លីនិករំលោតកូនខុសច្បាប់នានា មកចោលនៅក្នុងវត្តអារាមមួយកន្លែងក្នុងរាជធានីបាងកក កាលពីខែវិច្ឆិកាមក បញ្ហាដ៏រសើបនេះ បានក្លាយជាចំណោទរបស់ជាតិថៃ។
ប៉ូលិសកំពុងតែធ្វើការងារបង្ក្រាបគ្លីនិកនានា រដ្ឋាភិបាលបានស្នើឲ្យដាក់បំរាមរួមភេទជាមួយក្មេងស្រីអាយុក្រោម ២០ឆ្នាំ ហើយសមាជិកសភា បានស្នើឲ្យបន្ធូរច្បាប់ ដែលអនុញ្ញាតឲ្យមានការរំលោតកូនក្នុងករណីរំលោភ ឬពេលណាការពរពោះនោះ ត្រូវបានគេយល់ថាបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវកាយ ឬផ្លូវចិត្តរបស់ម្តាយ។
ប៉ុន្តែ ទោះបីជាមានលទ្ធផលបែបណាអំពីការយល់ដឹងថ្មីនេះក៏ដោយ ក៏វាយឺតពេលទៅហើយសម្រាប់នាង នីតាន់ចា ដែលស្ថិតនៅឆ្ងាយពីករណីត្រូវបានគេហាមឃាត់។
លោកសាស្ត្រាចារ្យ ខាំហ៊ាង ចាទុរ៉ាចិន្តា ប្រធានមូលនិធិសុខភាព និងសិទ្ធិបន្តពូជស្ត្រីរបស់ប្រទេសថៃ បានឲ្យដឹងថា គភ៌រំលោតចោលដែលត្រូវបានគេរកឃើញ និងត្រូវបានគេយកពីវត្តអារាមនោះសម្រាប់ធ្វើកោសលវិច្ឆ័យនោះ គឺគ្រាន់តែជាចំណែកមួយនៃទំហំរំលោតកូនចោលតែប៉ុណ្ណោះ។
យោងទៅតាមអតីតនាយកមហាវិទ្យាភូមិន្ទថៃផ្នែកសម្ភព និងសុខភាពបន្តពូជស្ត្រី បានឲ្យដឹងថា ស្ត្រីជនជាតិថៃពី ៣ ទៅ ៤សែននាក់ សុទ្ធតែធ្លាប់ឆ្លងកាត់ការរំលោតកូន ដែលធ្វើឡើងដោយមនុស្សគ្មានជំនាញវិជ្ជាជីវៈនៅក្នុងស្ថានភាព កខ្វក់ នៅរៀងរាល់ឆ្នាំ ដែលក្នុងនោះ មានយុវវ័យប្រហែល ១២ ទៅ ១៥ភាគរយ។
បើប្រៀបធៀបនឹងប្រទេសបារាំង ដែលមានប្រជាជន ៦៥លាននាក់ ប្រហាក់ប្រហែលនឹងប្រទេសថៃ និងជាទីដែលការរំលោទកូន គឺជារឿងស្របច្បាប់នោះ នៅរៀងរាល់ឆ្នាំ មានការរំលោតកូនតែជាង ២សែននាក់តែប៉ុណ្ណោះ។
ការរំលោតកូននៅគ្លីនិកតាមដងផ្លូវតូចៗ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងនោះមានទាំងបង្កឲ្យបាត់សមត្ថភាពបង្កកំណើត និងអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។
លោក មន្ត្រី ប៉េកាណាន់ នាយកសមាគមផែនការគ្រួសាររបស់ប្រទេសថៃ មានប្រសាសន៍ថា៖ �នៅពេលស្ត្រីទៅកាន់គ្លីនិកខុសច្បាប់ នៅពេលក្រោយមក ពួកគេនឹងមានអារម្មណ៍ថាឈឺចាប់កើតចេញពីការឆ្លងរោគ ដោយសារតែការយកកូនចេញ មិនត្រូវបានធ្វើដោយសម្រេចជោគជ័យនោះ�។
លោកបានគាំទ្រដល់គោលការណ៍នៃការអនុវត្តច្បាប់ ខណៈដែលគាត់ចង់រឹតបន្តឹងច្បាប់ដើម្បីធានាសុវត្ថិភាពស្រ្តី។
លោក ជេដេដ ចូវិល័យ នាយកគ្រប់គ្រង នៃមិត្តភាពមូលនិធិស្ត្រី ដែលជាក្រុមប្រឹក្សាពិគ្រោះយោបល់មួយនោះ ក៏បានអំពាវនាវឲ្យមានកិច្ចការពារសម្រាប់ស្ត្រី ដែលគ្មានជម្រើស នៅពេលពួកគេទទួលយកការសម្រេចបែបនេះ។
សកម្មជនទាំងពីរ បានឲ្យដឹងទៀតថា ប៉ុន្តែ នៅតែគ្មានសង្ឃឹម ឬសង្ឃឹមតិចតួចចំពោះការផ្លាស់ប្តូរច្បាប់នេះនៅក្នុងសង្គមមួយ ដែលការរំលោតកូនត្រូវបានគេចាត់ទុកជា �អំពើបាប�។
លោក មន្ត្រី មានប្រសាសន៍ថា៖ �វាទាក់ទងនឹងកត្តាសាសនា។ ព្រះពុទ្ធសាសនា មិនបាននិយាយសោះអំពីការរំលោតកូន ប៉ុន្តែបានហាមឃាត់សម្លាប់ជីវិត�។
រដ្ឋាភិបាលដែលរវល់តែបង្កើនល្បឿនទៅរកការបោះឆ្នោតនៅក្នុង ឆ្នាំនេះនោះ មិនមានបំណងផ្លាស់ប្តូរច្បាប់រំលោតគភ៌នោះឡើយ។
លោក តារ៉េស ក្រាសសាណៃរ៉ាវិវង្ស មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងសុខភិបាលថៃ មានប្រសាសន៍ថា៖ �ដើម្បីលើកសំណើច្បាប់ថ្មី វាចាំបាច់ត្រូវមានការស្ទាបស្ទង់មតិក្នុងសង្គម។ នៅចុងបញ្ចប់នៃថ្ងៃនោះ ខ្ញុំនឹងនិយាយថា យើងនឹងធ្វើតាមផ្លូវដែលសង្គមបានជ្រើសរើសដើរ�។
លោកសាស្ត្រាចារ្យ កំហ៊ាង បានបន្ថែមថា៖ �បើទោះបីជាការរំលោតកូន ជារឿងស្របច្បាប់ក៏ដោយ ក៏វាអាចមិនបញ្ចប់ប្រតិបត្តិការរបស់គ្លីនិកនៅតាមផ្លូវតូចៗ ឡើយ។ បញ្ហានេះ គឺមកពីអ្នកផ្តល់សេវាសុខាភិបាលទាំងនោះ មិនចង់អនុវត្តការរំលោតកូនឲ្យបុគ្គលណាម្នាក់ឡើយ ហើយក៏ទាក់ទងនឹងហេតុផលសាសនាផងដែរ�។
ក្រុមសិទ្ធិស្ត្រី និយាយថា ខណៈដែលរង់ចាំឲ្យសង្គមមានការផ្លាស់ប្តូរ ប្រទេសថៃត្រូវអភិវឌ្ឍន៍កម្មវិធីអប់រំសុខភាពផ្លូវភេទ។
នាង នីតាន់ចា ដែលកំពុងប្រឈមមុខនឹងថ្ងៃមិនអាចវិលត្រឡប់ទៅមានផ្ទៃពោះឡើងវិញ នោះ បានផ្តល់ជាសារផ្ទាល់របស់នាងសម្រាប់យុវវ័យថា៖ �មានមធ្យោបាយជាច្រើនសម្រាប់ការពារខ្លួនអ្នក ដូចជាប្រើស្រោមអនាម័យ ប៉ុន្តែ អ្នកត្រូវដឹងថា អ្នកគឺជានារីស្រាលាញ់ភាពរីករាយ ដែលមិនទាន់ត្រៀមខ្លួនសម្រាប់ធ្វើជាម្តាយនៅឡើយ ហេតុនេះ យកល្អអ្នកគួរតែប្រើថ្នាំគ្រប់គ្រងការមានគភ៌�៕
http://khmer.phnompenhpost.com/index...ion&Itemid=102