មានគ្រោះធម្មជាតិការហូរច្រោះដីចំនួនពីរធំៗបានកើតឡើងនៅ ទីក្រុង សេអ៊ូល និង នៅ
ទីក្រុងតូចភាគខាងជើងនៃប្រទេស នៅថ្ងៃនេះ ដែលបានសំលាប់ជីវិតមនុស្សចំនួន ១៩នាក់
និងបាត់ខ្លួនម្នាក់ ។


ការបាក់ដីនៅទីក្រុង Chuncheon ភាគខាងជើងប្រទេស

គ្រោះហូរច្រោះដីបានកើតឡើងនៅក្នុងទីក្រុង Chuncheon ភាគខាងជើងប្រទេសប្រហែល
១១០ គីឡូម៉ែត្រ និងបានសំលាប់ជីវិតមនុស្ស ១៣ នាក់ ។

អាជ្ញាធរមូលដ្ឋានបានអោយដឹងថាជនរងគ្រោះចំនួន ១០នាក់ក្នុងចំណោម ១៣ នាក់នោះ
គឺជាសិស្សដែលមានវត្តមាននៅឯ Chuncheon ក្នុងកម្មវិធីអ្នកស្ម័គ្រចិត្តមួយ ពួកគេកំពងតែ
សំរាកនៅក្នុងផ្ទះជួលតូចមួយ ក្រោយមកស្រាប់តែមានគ្រោះថ្នាក់នេះកើតឡើង ។ ២៤​​ នាក់
ផ្សេងក៏បានទទួលរងរបួស ចំណែកគេហដ្ឋានត្រូវបំផ្លាញ ។

ទន្ទឹមនឹងនោះដែរមានហេតុការហូរច្រោះដីដូចគ្នាដែរ បានកើតឡើងនៅឯតំបន់ Bangbae
ក្នុងទីក្រុង សេអ៊ូល សំលាប់ជីវិត ៦នាក់ និង ក្មេងម្នាក់បានបាត់ខ្លួន ។

ក្នុងសប្តាហ៍នេះនៅក្នុងប្រទេសកូរ៉េខាងត្បូង មានការធ្លាក់ភ្លៀងយ៉ាងខ្លាំង ដែលក្នុងនោះ
នៅឯ Chuncheon កំពស់ទឹកបានកើនឡើង ២៥០ មីលីម៉ែត្រ ។ ដោយឡែកក្នុងទីក្រុង
សេអ៊ូល បរិមាណទឹកក៏បានកើនឡើងកំពស់ ៤០០ មីលីម៉េត្រ ដោយសារតែភ្លៀង យ៉ាងធំ
ចាប់ផ្តើមពីល្ងាចថ្ងៃទី ២៦ កក្កដា ម្សិលម៉ិញ ។ គេហដ្ឋានចំនួន ៨០០ ត្រូវលិចលង់ដោយទឹក
ភ្លៀង ដងវិថីចំនួន ២៣ ខ្សែរត្រូវស្ទះ ។

ទីក្រុង សេអ៊ូល ត្រូវលិចដោយសារភ្លៀងនៅថ្ងៃទី ២៧ កក្កដា នេះ
ស្ថាប័នឧតុនិយម របស់កូរ៉េបានអោយដឹងថា អាចនឹងមានភ្លៀងធំផ្សេងទៀត ដែលមាន
កំរិតកំពស់ ២៥០ មីលីម៉ែត្រ នឹងបង្អុរពេញមួយថ្ងៃ សុក្រ ខាងមុខនេះ នៅភាគខាងជើង
ប្រទេស ក្នុងនោះក៏មានទីក្រុង សេអ៊ូល តំបន់មួយចំនួនដែលបានលិចលុងដោយទឹកភ្លៀង
នៅថ្ងៃនេះ និង ម្សិលម៉ិញផងដែរ ។


(ពី DT,AP)
យ៉ាវីន